ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅបន្តប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង ដើម្បីបង្កើនបាននូវការផ្តល់ព័ត៌មានជូនសាធារណៈជនឱ្យទទួលជ្រាបកាន់តែទូលំទូលាយពីសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរដ្ឋបាលស្រុកកោះកុង ព្រមទាំងរដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុងផងដែរ។
ស្របពេលជាមួយគ្នានោះផងដែរ លោកអភិបាលរង ក៏បានផ្សព្វផ្សាយដល់ក្រុមការងារ និងភ្នាក់ងារក្រុមការងារព័ត៌មានវិទ្យាស្រុក សូមបន្តយកចិត្តទុកដាក់ចំពោះការចែករំលែក និងផ្សព្វផ្សាយនូវរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំនៅលើគេហទំព័រ(Page) រដ្ឋបាលស្រុកកោះកុង និងគេហទំព័រ(Page) របស់លោកអភិបាល ជា សូវី-Chea Sovy ឱ្យបានទូលំទូលាយដល់មជ្ឈដ្ឋានសាធារណជនទទួលជ្រាបជាដំណឹង។
ក្នុងឱកាសនោះផងដែរ លោកអភិបាលរង ក៏បានចាត់ឱ្យលោក អ៊ឹង បឺត និងលោក សន សេង អនុប្រធានក្រុមការងារ ធ្វើការបង្ហាញពីរបៀបសរសេរព័ត៌មានរាយការណ៍មកកាន់ក្រុមការងារឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្តល់ព័ត៌មានឱ្យទាន់ពេលវេលា ដើម្បីក្រុមការងារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសរសេរព័ត៌មាននៅលើគេហទំព័ររដ្ឋបាលស្រុកកោះកុង(Facebook page) និងគេហទំព័ររដ្ឋបាលខេត្តកោះកុង (Website) ដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿននៃការប្រមូលព័ត៌មានរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ រដ្ឋបាលឃុំទាំង៤ ដើម្បីរៀបចំចងក្រងជាខ្លឹមសារ និងធ្វើការបង្ហោះផ្សព្វផ្សាយជាសាធារណៈ។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោក អភិបាលរង ក៏បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់គ្នា ត្រូវអនុវត្តវិធានការការពាររបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
សមាសភាពចូលរួមមាន លោកអនុប្រធាន និងលោក លោកស្រីសមាជិកក្រុមការងារព័ត៌មានវិទ្យា។