សាខា កក្រក ខេត្តកោះកុង៖ ថ្ងៃអង្គារ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា ដឹកនាំសហការី សហការជាមួយលោកស្រីនាយិការងវិទ្យាល័យកោះកុង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនលោកស្រី ប៊ុន វាសនា ជាគ្រូបង្រៀននៅវិទ្យាល័យកោះកុង កំពុងជួបការលំបាក និងត្រូវមើលថែរក្សាម្តាយចាស់ជរាកំពុងមានជំងឺប្រចាំកាយ រស់នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា និងក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះ លោកនាយក បានផ្តាំផ្ញើដល់អ្នកគ្រូ និងលើកទឹកចិត្តថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ត្រូវខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិតបន្តទៅមុខទៀត។
ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។
ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សម្ភារដែលសាខាផ្តល់ជូនរួមមាន៖អង្ករ២៥គក្រ
មី១កេះ ត្រីខ១ឡូ ទឹកត្រី៣ដប ទឹកសុទ្ធ១កេះ
ព្រមទាំងថវិកាលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាចំនួន ៥០០,០០០ រៀល (ប្រាំរយពាន់រៀល) ផងដែរ ។