សាខា កក្រក ខេត្តកោះកុង ៖ (អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង) ថ្ងៃសុក្រ ៦រោច ខែទុតិយសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ២០២១ លោក ជា សូវី ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង បានចាត់ លោក អ៊ឹង បឺត សមាជិកគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកសម្ភារមួយចំនួនផ្តល់ជូនកម្លាំងអ្នកស្ម័គ្រចិត្ត ប្រជាការពារភូមិត្រពាំងរូង ដែលកំពុងបំពេញកាតព្វកិច្ចការងារការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅចំណុចក្រោមស្ពានត្រពាំងរូង ដោយធ្វើការហាមឃាត់បម្រាមគោចរណ៍ចេញ-ចូល រយៈពេល ១៤ថ្ងៃ ពីចំណុចក្រោមស្ពានត្រពាំងរូង ដល់ចំណុចចុងភូមិផ្ទះត្រចៀកកាំ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
នាឱកាសនោះលោក អ៊ឹង បឺត សមាជិកគណៈកម្មាធិការអនុសាខា និងក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ជា សូវី ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមកោតសសើរដ៏ស្មោះចំពោះកម្លាំងអ្នកស្ម័គ្រចិត្ត ដែលតែងតែចូលរួមជួយសម្រួលការងារនៅក្នុងសហគមន៍ដោយមិនខ្លាចពីភាពនឿនហត់ ។
ក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សម្ភារដែលអនុសាខាផ្តល់ជូនទទួលបាន៖
អង្ករ ៥០គក្រ ទឹកត្រី ២ដប ទឹកស៉ីអ៉ីវ ២ដប ប្រេងឆា ២ដប ស្ករស ២គីឡូក្រាម អំបិលអ៊ីយ៉ូត ២ថង់ មី ១កេស ប៊ីចេង ១កញ្ចប់ ទឹកសុទ្ធ ៥យួរ ម៉ាស ៥ប្រអប់ និងត្រីខកំប៉ុង ១ឡូ ផងដែរ ។