សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃច័ន្ទ ៨កើត ខែមិគិសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ អាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនចាស់ជរា ០១នាក់ និងគ្រួសារកុមារីដែលមានជំងឺដំបៅត្រចៀក ០១នាក់ រស់នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកនាយកសាខា និងក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស អាវយឺត២ ថ្នាំបាញ់មូស ២កំប៉ុងតូច ព្រមទាំងថវិកា ចំនួន ៨០,០០០រៀល ដូចៗគ្នា។