លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងទិវាសំអាតពិភពលោកលើកទី ៩ (9th World Cleanup Day) ឆ្នាំ២០២៦ ក្រោមមូលបទ”៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ”
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមាន សេចក្តីសោមន្សរីករាយយ៉ាងក្រៃលែងដោយបានមកចូលរួមជាមួយ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង អភិបាលក្រុង មន្ត្រីរាជការ អាជ្ញាធរសង្កាត់ទាំង៣ យុវជន ស.ស.យ.ក បងប្អូនប្រជាពលរដ្ឋ និងសេវាករប្រមូលសំរាមក្រុងខេមរភូមិន្ទ ក្នុង ទិវាសំអាតពិភពលោកលើកទី៩ (9th World cleanup Day) ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេស និមួយៗ» សំដៅឱ្យមានការចូលរួមសំអាតសំណល់ប្លាស្ទិក និងបញ្ញាបការយល់ដឹងអំពីផល់ប៉ះពាល់ នៃការកើនឡើងនៃបរិមាណសំណល់ប្លាស្ទិកលើភពផែនដី ដែលបាននឹងកំពុងប្រារព្ធធ្វើឡើងក្នុងទឹកដី នៃខេត្តកោះកុង របស់យើងនាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុង ទិវាសំអាតពិភពលោកលើកទី៩ (9th World cleanup Day) នាពេលនេះ ដើម្បីបង្កើនបង្កើនការយល់ដឹងនិងធានាប្រសិទ្ធិភាព ក្នុងការគ្រប់គ្រងសំរាម និងសំណស់រឹងទីប្រជុំជន និងធ្វើការជំរុញ សកម្មភាព ដើម្បីកម្ពុជាមាន“ភាពស្អាត ភាពបៃតង និងចីរភាព» ជាពិសេសដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក្នុងទឹក ដីនៃខេត្តកោះកុងរបស់យើងតាមរយៈការគ្រប់គ្រងសំរាមប្លាស្ទិកដើម្បីធានាបាននៅភាពស្អាត អនាម័យប្រកបដោយផាសុកភាព និងជាសង្គមស៊ីវិល័យ។
ទិវាសំអាតពិភពលោកលើកទី៩ (9th World cleanup Day) មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ ប្រមូលសំរាមមួយថ្ងៃនោះទេ ប៉ុន្តែវាជាចលនាដ៏ធំមួយដែលភ្ជាប់ទំនាក់ទំនងមនុស្សរាប់លាននាក់ជុំវិញ សកលលោក ឱ្យងើបឈរឡើងក្នុងស្មារតីរួមមួយគឺ«ដើម្បីភពផែនដីស្អាតនិងមានភាពបៃតង»។ បច្ចុប្បន្នការកើនឡើងនៃសំរាម និងសំណល់ប្លាស្ទិក កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពសាធារណៈ និងជីវៈចម្រុះនៅលើផែនដី។ យើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា បញ្ហាបរិស្ថានមិនមែន ជាកាតព្វកិច្ចរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះឡើយ ប៉ុន្តែវាជាការទទួលខុសត្រូវរួមរបស់ មនុស្សជាតិទាំងមូល។ សកម្មភាពដែលយើងរួមគ្នានៅថ្ងៃនេះគឺជាសារដ៏មានឥទ្ធិពលមួយបញ្ជាក់ថា៖ ការផ្លាស់ប្តូរផ្តើមចេញពីយើង៖ រាល់ការរើសសំរាមមួយកញ្ចប់ គឺជួយកាត់បន្ថយការបំពុលដល់ធម្មជាតិ។ គំរូសម្រាប់សហគមន៍៖ សកម្មភាពស្ម័គ្រចិត្តរបស់យើងនឹងបំផុសស្មារតីសហគមន៍ជុំវិញឱ្យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ អនាគតនៃកូនចៅយើង៖ ការថែរក្សាអនាម័យបរិស្ថាននៅថ្ងៃនេះ គឺជាការបន្សល់ទុកនូវ ភពផែនដីដ៏ស្រស់បំព្រងសម្រាប់អ្នកជំនាន់ក្រោយ។
ទិវាសំអាតពិភពលោកលើកទី៩ (9th World cleanup Day) នាពេលនេះ ជាមោទនៈភាព របស់ខេត្តកោះកុង និងជាកម្មវិធីមួយដ៏មានសារៈសំខាន់ ក៏ដូចជាជួយក្នុងការផ្សព្វផ្សាយនូវសក្តានុពល លើវិស័យអេកូទេសចរណ៍ ក្នុងន័យការពារគុណភាពបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ។
ក្នុងនាមរដ្ឋបាលខេត្តកោះកុង និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរដោយស្មោះ នូវកិច្ចប្រឹងប្រែងរបស់មន្ទីរបរិស្ថានខេត្តកោះកុង ដែលបានរួមចំណែកមួយភាគធំធ្វើឱ្យការងារទាំងនេះ ទទួលបានជោគជ័យ និងជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលតែងតែគាំទ្រ និងលើកស្ទួយវិស័យបរិស្ថានក្នុងខេត្តកោះកុង ជាក់ស្តែងភូមិកោះស្រឡៅ នៃឃុំកោះកាពិ ត្រូវបានប្រកាសអភិវឌ្ឍជាសហគមន៍អព្យាក្រឹត្យកាបូន ដែលនឹងក្លាយជាសហគមន៍គំរូមួយក្នុងប្រទេសកម្ពុជា គ្មានសំរាមប្លាស្ទិក និងគ្មានការបំពុលភពផែនដី។
រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ការរៀបចំ ទិវាសំអាតពិភពលោក World cleanup Day នេះនឹងក្លាយជាព្រឹត្តិការណ៍មួយដែលខេត្តកោះកុង នឹងរៀបចំជារៀងរាល់ឆ្នាំ ដែលជាការចូលរួម សំអាតពិភពលោក ក៏ដូចជាសំអាតមូលដ្ឋានរបស់យើង គ្មានសំរាមប្លាស្ទិក គ្មានការបំពុលភពផែនដី។ រដ្ឋបាលខេត្តក៏សូមណែនាំដល់រដ្ឋបាលក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍នានា វិស័យឯកជន សាលារៀន ប្រជាពលរដ្ឋ និងយុវជនត្រូវជួយអប់រំ ផ្សព្វផ្សាយ និងអនុវត្តជាប្រចាំលើ ការសំអាតបរិស្ថាន អនាម័យ គ្រប់គ្រងសំរាម សំណល់រឹង សំណល់រាវ និងរួមគ្នាដាំដើមឈើបន្ថែមក្នុងមូលដ្ឋាន ដើម្បីឱ្យទទួលបាន «ភាពស្អាត ភាពបៃតង និងចីរភាព» ដើម្បីទាញស្រូបភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត៕
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦

























































































