/ / /

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង ស្រុកមណ្ឌលសីមា

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង ស្រុកមណ្ឌលសីមា។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ជាបឋមក្នុងនាមគណៈអភិបាលខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម សម្តែងនូវសេចក្តីរីករាយជាអនេក ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ប៉ែន ប៊ុនឈួយ ជាអភិបាលស្រុកមណ្ឌលសីមា ជំនួស លោក សុខ ភិរម្យ ដែលត្រូវ បានផ្ទេរភារកិច្ច។
នាងខ្ញុំសូមយកឱកាសនេះ សម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដោយ ស្មោះចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាល មន្ត្រីរាជការចំណុះរដ្ឋបាលស្រុក និងមន្ត្រីចុះមូលដ្ឋានទាំងអស់ ដែលបានចូលរួមគ្នាក្នុងការដឹកនាំ និងបម្រើប្រជាពលរដ្ឋធ្វើឱ្យស្រុកមណ្ឌលសីមាទាំងមូលមានការរីកចម្រើនទាំងហេដ្ឋានរចនាសម្ព័ន្ធ និងជីវភាពរស់នៅ របស់ប្រជាជនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ដូចបានបញ្ជាក់ក្នុងរបាយការណ៍ របស់លោក សុខ ភិរម្យ ដែលបានលើកឡើងមុននេះបន្តិច។ លទ្ធផលគួរជាទីមោទនៈទាំងនេះ ពិតជាមិនអាចផ្តាច់ចេញបានពីកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទី ភារកិច្ចជាអភិបាលស្រុករបស់លោក សុខ ភិរម្យ ដែលមាន រយៈពេល ៤ឆ្នាំ និង២៧ថ្ងៃគត់ គិតត្រឹមថ្ងៃនេះ នេះបើគិតពីថ្ងៃចេញអនុក្រឹត្យតែងតាំងគឺថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។ តាមរយៈការដឹកនាំរបស់លោក សុខ ភិរម្យ ក៏ដូចជាការចូលរួមសហការរបស់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ មេឃុំ និងប្រជាពលរដ្ឋ យើងបានរួមគ្នាអនុវត្តការងារជាច្រើន ដើម្បីរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋ។
នាងខ្ញុំសូមបញ្ជាក់ជូនថា៖ ការផ្ទេរភារកិច្ច និងការតែងតាំងមន្ត្រីរាជការ គឺជារឿង ធម្មតាមួយក្នុងដំណើរការរដ្ឋបាលសាធារណៈ ដើម្បីធានាលើកកម្ពស់ប្រសិទ្ធភាពថែម ទៀតនៃការគ្រប់គ្រង និងការបំពេញភារកិច្ចរបស់រដ្ឋ។ ចំពោះការផ្ទេរភារកិច្ចរបស់លោក សុខ ភិរម្យ នាពេលនេះ គឺដោយសារលោកបានបញ្ចប់អាណត្តិការងាររយៈពេល ៤ឆ្នាំ ក្នុងតំណែងជាអភិបាលស្រុក ស្របតាមការកំណត់នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពោលគឺលោក សុខ ភិរម្យ មិនមានកំហុសឆ្គងណាមួយនោះ ទេ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តឱ្យលោក សុខ ភិរម្យ បន្តខិតខំបំពេញភារកិច្ចថ្មីនៅសាលា ខេត្តកោះកុង ដោយប្រើប្រាស់បទពិសោធន៍ និងសមត្ថភាពដែលលោកបានប្រមូលផ្តុំ នាពេលកន្លងមក ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍខេត្តកោះកុងឱ្យកាន់តែមានការរីកចម្រើន។
ជាមួយគ្នានេះ ខ្ញុំសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោក ប៉ែន ប៊ុន ឈួយ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលស្រុកមណ្ឌលសីមា និងលោក ជួន ភារ៉េត ដែលត្រូវបានក្រសួងមហាផ្ទៃតែងតាំងជាអភិបាលរងស្រុកមណ្ឌលសីមា ជំនួសលោកស្រី ស្រី ពិនសោភា ដែលត្រូវបានបញ្ចប់អាណត្តិ ហើយបានផ្ទេរទៅកាន់ តួនាទីជាអភិបាលរងស្រុកកោះកុង។
បើពិនិត្យតាមប្រវត្តិរូប លោក ប៉ែន ប៊ុនឈួយ ចូលធ្វើការតាំងពីឆ្នាំ១៩៨៧ មកម៉្លេះ ដោយចូលរួមចំណែកក្នុងវិស័យអប់រំ យុវជន និងកីឡា រហូតដល់ឆ្នាំ២០០៤ ទៅកាន់ជា អភិបាលរងស្រុកស្មាច់មានជ័យ (បច្ចុប្បន្នក្រុងខេមរភូមិន្ទ) ហើយបន្តមកកាន់តួនាទីជា អភិបាលរងស្រុកមណ្ឌលសីមា រហូតដល់ពេលនេះ។ ដោយឡែកលោក ជួន ភារ៉េត វិញ ជាអតីតអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ក៍បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយការងារសង្គម និងការងារចុះមូលដ្ឋាន ទើបគណៈអភិបាលខេត្ត សម្រេចស្នើសូម តែងតាំងជាអភិបាលរងស្រុកមណ្ឌលសីមា។

ការទទួលបានមុខតំណែងថ្មីរបស់លោក ប៉ែន ប៊ុនឈួយ និងលោក ជួន ភារ៉េត នា ពេលនេះ គឺជាកិត្តិយសផង និងជាការទទួលខុសត្រូវដ៏ធំធេងផង។ ជាពិសេស ស្រុកមណ្ឌលសីមា ជាស្រុកមួយដែលមានសារៈសំខាន់ទាំង ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មទេសចរណ៍ និងមានភូមិសាស្ត្រជាប់ព្រំដែនជាមួយប្រទេសថៃ។ ដូច្នេះលោកអភិបាល និងអភិបាលរងស្រុកថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំ និងសម្របសម្រួលការងារគ្រប់វិស័យ ដោយមានស្មារតីទទួលខុសត្រូវ ស្មោះត្រង់ តម្លាភាព គណនេយ្យភាព និង បម្រើផលប្រយោជន៍សាធារណៈជាចម្បង។
ជាមួយគ្នានេះ ខ្ញុំសូមផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដល់លោកអភិបាល អភិបាលរងស្រុកថ្មី ដូចតទៅ៖
ទី១.ត្រូវរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងបន្តពង្រឹងកិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកវិនិយោគ និងអ្នកប្រកបអាជីវកម្មនៅក្នុងមូលដ្ឋាន។ ជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុង ការទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមទាំងបទល្មើសពាក់ព័ន្ធនឹងការ ឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងសកម្មភាពខុសច្បាប់ផ្សេងៗ ដោយ ត្រូវពង្រឹងការផ្សព្វផ្សាយអប់រំ និងសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីការពារ ប្រជាពលរដ្ឋ និងរក្សាសុវត្ថិភាពសង្គម ក្នុងនោះត្រូវចាត់ចែងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច។
ទី២.ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់សហការចំពោះកិច្ចការពារ និងគ្រប់គ្រងតំបន់ ព្រំដែនដោយសារស្រុកមណ្ឌលសីមា មានភូមិសាស្ត្រជាប់ព្រំដែន។ លោកអភិបាលស្រុក ត្រូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ និងកងកម្លាំងដែលមានភារកិច្ចពាក់ព័ន្ធ ដើម្បីការពារបន្ទាត់ព្រំដែន និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែនឱ្យបានល្អប្រសើរ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមាននៅមូលដ្ឋាន ដោយសន្តិវិធី និងស្របតាមច្បាប់ជាធរមាន។
ទី៣.ត្រូវជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋត្រូវខិតខំ ប្រើប្រាស់សក្តានុពល និងធនធានដែលមាននៅក្នុងមូលដ្ឋាន ឱ្យក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចស្រុក។ ត្រូវយកចិត្តទុកដាក់លើការគាំទ្រអាជីវកម្ម និងការវិនិយោគស្របច្បាប់ ការអភិវឌ្ឍវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម សេវាកម្ម និងវិស័យដែលមាន សក្តានុពលផ្សេងៗ ដើម្បីបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
ទី៤.ត្រូវពង្រឹងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវ ចាត់ទុកខ្លួនឯងជាអ្នកបម្រើប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋជាម្ចាស់នៃសេវាសាធារណៈ និងត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អ រហ័ស ត្រឹមត្រូវ តម្លាភាព និងមានប្រសិទ្ធភាព។ មន្ត្រីគ្រប់រូបត្រូវមានឥរិយាបថល្អ សុជីវធម៌ និងស្មារតីបម្រើប្រជាពលរដ្ឋ ដោយជៀសវាង រាល់ទង្វើដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលសាធារណៈ។
ទី៥.ត្រូវពង្រឹងការងារចុះមូលដ្ឋាន និងការឆ្លើយតបចំពោះសំណូមពររបស់ប្រជា ពលរដ្ឋ នាងខ្ញុំស្នើលោកអភិបាលស្រុក និងមន្ត្រីក្រោមឱវាទ ត្រូវចុះជួបប្រជាពលរដ្ឋជា ប្រចាំ ស្តាប់បញ្ហា សំណូមពរ និងក្តីកង្វល់របស់ពួកគាត់ ដើម្បីស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ ត្រូវសហការជិតស្និទ្ធជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរឃុំ ដើម្បីធានាថាការងារអភិវឌ្ឍន៍ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឆ្លើយតប បានពិតប្រាកដទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។
ទី៦.ត្រូវពង្រឹងសាមគ្គីភាព ឯកភាព និងកិច្ចសហការផ្ទៃក្នុង។ លោកអភិបាល ស្រុក ត្រូវធ្វើជាគំរូក្នុងការដឹកនាំ ដោយប្រកាន់ខ្ជាប់សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការ គោរពតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គ្នាទៅវិញទៅមក។ ត្រូវពង្រឹងកិច្ចសហការល្អ រវាងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ និងមន្ទីរ-អង្គភាពពាក់ព័ន្ធដើម្បីធ្វើការជាកម្លាំងរួមតែមួយក្នុងការអភិវឌ្ឍមូលដ្ឋាន។
ទី៧.ត្រូវពង្រឹងវិន័យ គុណធម៌ និងការទទួលខុសត្រូវ និងដឹកនាំមន្ត្រីក្រោមឱវាទ ឱ្យគោរពវិន័យរដ្ឋបាល ច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជាពិសេស ច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាមួយរដ្ឋបាល ថ្នាក់ក្រោមជាតិ ព្រមទាំងមានគណនេយ្យភាពចំពោះការងាររបស់ខ្លួន។ ការដឹកនាំត្រូវ ផ្អែកលើភាពជាគំរូ ការទទួលខុសត្រូវ និងការប្រកាន់ខ្ជាប់ផលប្រយោជន៍សាធារណៈ និង ត្រូវមានសីលធម៌វិជ្ជាជីវៈខ្ពស់ក្នុងនាមជាមន្ត្រីរាជការសាធារណៈ។
ទី៨.ត្រូវយកចិត្តទុកដាក់លើការងារអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាពទីប្រជុំជន បរិស្ថាន អនាម័យ និងសុខុមាល ភាពសង្គម ព្រមទាំងការពារធនធានធម្មជាតិ និងបរិស្ថានឱ្យបានល្អ ដើម្បីធានាថាការ អភិវឌ្ឍក្នុងភូមិសាស្ត្រស្រុកទាំងមូលមានតុល្យភាព ការអភិវឌ្ឍ ហើយរវាងការអភិរក្ស និងផ្តល់ផលប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ។

ខ្ញុំសូមបញ្ជាក់បន្ថែមថាក្នុងតួនាទីជាអភិបាលស្រុក លោក ប៉ែន ប៊ុនឈួយ មិនមែន ធ្វើការតែម្នាក់ឯងនោះទេ។ ជោគជ័យនៃការដឹកនាំស្រុកទាំងមូល អាស្រ័យលើការចូលរួម និងការសហការរបស់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងមូល។
ដូច្នេះ ខ្ញុំសូមអំពាវនាវដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ និងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់កិច្ច សហការ និងគាំទ្រដល់លោកអភិបាលស្រុកថ្មីឱ្យបានល្អប្រសើរ ដើម្បីឱ្យការងាររដ្ឋបាល និងការអភិវឌ្ឍស្រុកមណ្ឌលសីមា អាចប្រព្រឹត្តទៅដោយរលូនមានប្រសិទ្ធភាព និងឆ្លើយតបបានទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។

ខ្ញុំសង្ឃឹម និងជឿជាក់ថា លោកអភិបាលស្រុកថ្មី នឹងប្រើប្រាស់ចំណេះដឹង សមត្ថភាព បទពិសោធន៍ និងស្មារតីទទួលខុសត្រូវ ដើម្បីបន្តដឹកនាំស្រុកមណ្ឌលសីមាពីលោក សុខ ភិរម្យ ឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
ជាថ្មីម្តងទៀត ខ្ញុំសូមអបអរសាទរចំពោះ លោក ប៉ែន ប៊ុនឈួយ ចំពោះការទទួល មុខតំណែងថ្មី និងសូមជូនពរ លោក សុខ ភិរម្យ ក្នុងការបំពេញភារកិច្ចថ្មីនៅសាលាខេត្តកោះកុង ប្រកបដោយជោគជ័យ៕
ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/09/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីបិទវគ្គហ្វឹកហាត់ស្តីពីការគ្រប់គ្រង និងបញ្ជាសុនខជំនាញ​ ព្រមទាំងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងប្រគល់សុនខជំនាញ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/09/2026

    លោកស្រីឱសថការី ឌិត គឹមមាន ប្រធាន​ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានអញ្ជើញចូលរួម និងដឹកនាំមន្រ្ដីកម្មវិធីគ្រុនចាញ់ ចូលរួមកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ស្រុក

  • ហេង គីមឆន/
    28/09/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ ចំនួន ០២លិខិត

  • ហេង គីមឆន/
    28/09/2026

    សារលិខិតចូលរួមរំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ព្រមទាំងក្រុមគ្រួសារ

  • ហេង គីមឆន/
    28/09/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបិទវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយអំពីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ក្រុង ស្រុក នៃខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/09/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី ជីប ស្រីទូច ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៧-២០២៩និងផ្សព្វផ្សាយអំពីសិក្ខាសាលាសមាហរណកម្ម របស់រដ្ឋបាលខេត្ត កម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ក្រុង ស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង