កោះកុង:លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង និងក្រុមមន្រ្តីបច្ចេកទេសគេហទំព័រព័ត៌មាននៃមន្ទីរព័ត៌មានខេត្ត ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
ពិធីដ៏វិសេសវិសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ អ្នកនាំពាក្យក្រសួង-ស្ថាប័ន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងតំណាងរដ្ឋបាលរាជធានី-ខេត្ត សមាគមអ្នកសារព័ត៌មាន សមាគមទូរទស្សន៍ និងសមាគមវិទ្យាជាច្រើនរូបនាក់ទៀតផងដែរ។
ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បច្ចេកវិទ្យា គឺជាឧបករណ៍ ប៉ុន្តែមាតិកា គឺជាបេះដូង ហើយប្រព័ន្ធ គឺជាមធ្យោបាយ ប៉ុន្តែភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាគោលដៅ។
ដូច្នេះ ការមានគេហទំព័រល្អមិនទាន់គ្រប់គ្រាន់ទេ អ្វី ដែលសំខាន់ជាងនេះ តើយើងអាចធ្វើឱ្យគេហទំព័រទាំង នេះរស់រវើកមានប្រយោជន៍ទាន់ពេលវេលា និងមានភាពជឿជាក់បានកម្រិតណា។






ឯកឧត្ដម នេត្រ ភក្រ្ដា បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការគេហទំព័ររួមរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ នៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការឆ្លើយតបនឹងតម្រូវការថ្មី ហើយតាមរយៈការបង្កើត «អត្ត សញ្ញាណ ឌីជីថលរួម» (Unified Digital Identity) ក្រោមដែនជាតិ «.info.gov.kh» យើងកំពុងបង្កើត ភាព ងាយស្រួលក្នុងការស្គាល់ និងស្វែងរកប្រភពព័ត៌មានផ្លូវការរបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត។
ឯកឧត្ដមបានថ្លែងបញ្ជាក់ថា៖ «អត្តសញ្ញាណរួមនេះ គឺជាចំណុចសំខាន់មួយសម្រាប់ការកសាងទំនុក ចិត្ត»។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា នៅក្នុងពិភពឌីជីថលដែលព័ត៌មានមានច្រើនរាប់មិនអស់ ហើយព័ត៌មានពិត និង ព័ត៌មានមិនពិតអាចរីករាលដាលក្នុងល្បឿនដូចគ្នា ខណៈគេហទំព័រផ្លូវការទាំង២៥ នេះ ត្រូវក្លាយជាប្រភព ដែល ប្រជាពលរដ្ឋអាចចូលទៅស្វែងរកព័ត៌មានផ្លូវការ និងព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន៕
