លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានទទួលការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទ របស់ប្រជាពលរដ្ឋ។ វិវាទរបស់ប្រជាពលរដ្ឋនេះ កើតមានឡើងដោយសារ ភាគីទាំងសងខាងជាអ្នកមានផ្ទះជាប់គ្នា ហើយភាគីម្ខាងបានសាងសង់ ជួសជុលផ្ទះរបស់ខ្លួន ដែលធ្វើឱ្យផ្ទះរបស់ភាគីម្ខាងទៀតប្រេះ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជាលទ្ធផល បន្ទាប់ពីមានការសម្របសម្រួលដោះស្រាយ ដែលដឹកនាំដោយលោក សុខ សុទ្ធី ភាគីទាំងសងខាង សុខចិត្តសងសំណង និងទទួលយកសំណងជាប្រាក់ចំនួន ២,០០០$ ដើម្បីបញ្ចប់វិវាទ ហើយភាគីដើមបណ្តឹងដែលបានដាក់ពាក្យបណ្តឹងទៅតុលាការ និងស្ថាប័នពាក់ព័ន្ធ សុខចិត្តដកពាក្យបណ្តឹងទាំងនោះមកវិញផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក សុខ សុទ្ធី បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំង២គ្រួសារ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សូមឱ្យមានការយោគយល់ចំពោះគ្នាទៅវិញទៅមក និងចូលរួមគោរពច្បាប់ទាំងអស់គ្នា៕
























