លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសើរ ដល់សិស្សានុសិស្សនៃសាលារៀនកោះកុងអន្តរជាតិ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះ ក្នុងនាមគណៈអភិបាលខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ នាងខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាមួយ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីគណៈអធិបតី លោក លោកស្រីមាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំងអស់នៅក្នុងកម្មវិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងប័ណ្ណសរសើរដល់សិស្សានុសិស្សដែលបានប្រទ្បងជាប់ជាស្ថាពរ និងជាប់ជាសិស្សពូកែ ក្នុងឆ្នាំសិក្សា២០២៥-២០២៦នៅសាលារៀនកោះកុងអន្តរជាតិនាពេលនេះ។
នាងខ្ញុំសូមសម្ដែងនូវការអបអរសាទរ ជាមួយក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្រអស់រយៈពេលមួយឆ្នាំពេញកន្លងមក និងជាពិសេស នៅពេលនេះ ក្មួយៗ ទទួលបាននូវវិញ្ញាបនបត្រ និងប័ណ្ណសរសើរ ដែលនេះជាមោទនភាពមួយ សម្រាប់ខ្លួនក្មួយៗផ្ទាល់ គ្រួសារ និងសាលារៀនផងដែរ។ បើតាមរបាយការណ៍ដែលរាយការណ៍ដោយ លោកជំទាវនាយិកាមុននេះបន្តិច ក្មួយៗសិស្សានុសិស្ស ដែលបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា ទាំងថ្នាក់ភាសាខ្មែរ ថ្នាក់ភាសារអង់គ្លេសពេញម៉ោង និងក្រៅម៉ោង មានចំនួន ៤២៩នាក់ ស្រី២៥០នាក់ ជាមួយគ្នានេះ សិស្សានុសិ្សដែលបានទទួលបណ្ណសរសើរ មានចំនួន ៣៤៣នាក់ ស្រី ២២០នាក់ និងដោយទ្បែក សិស្សានុសិស្ស ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកកុំព្យូទ័រ និងសញ្ញាបត្រ ខេមប្រីក (Cambrige) សរុបចំនួន ១១២នាក់ ស្រី៦៦នាក់។ លទ្ធផលទាំងនេះ សរបញ្ជាក់ឱ្យឃើញពីជោគជ័យដ៏ត្រចះត្រចង់ ដែលកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្រ ប្រកបដោយមោទនភាពរបស់ក្មួយៗសិស្សានុសិស្សផ្ទាល់ និងកើតទ្បើងដោយសារ ការជំរុញ ឧបត្ថម្ភ គាំទ្រ អស់ពីកំលាំងកាយចិត្ត ទាំងពេលវេលា និងថវិកា ពីសំណាក់ក្រុមគ្រួសារ និងការយកចិត្តទុកដាក់បង្ហាត់បង្រៀន និងណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូនៅសាលារៀន ដល់ក្មួយៗសិស្សានុសិស្សទាំងអស់នៅទីនេះ។ ដូច្នេះក្មួយៗទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់ឳពុកម្ដាយ អាណាព្យាបាល ក្រុមគ្រួសារ និងការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ។ ជាមួយគ្នានេះ នាងខ្ញុំ ក៏សូមថ្លែងអំណរគុណចំពោះ លោកជំទាវនាយិកាសាលា ដែលបានបង្កើតសាលានេះទ្បើងតាំងពីចុងឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន បើគិតមកទល់ពេលនេះ មានរយះពេល១២ឆ្នាំមកហើយ។ ក្នុងរយៈពេលនេះ សាលារៀនកោះកុងអន្តរជាតិ បានរួមចំណែកយ៉ាងច្រើន ក្នុងការជំរុញការអភិវឌ្ឍ បណ្ដុះបណ្ដាលមូលធនមនុស្សក្នុងវិស័យអប់រំ ប្រកបដោយចំណេះដឹង សមត្ថភាព និងជាគ្រឹះដ៏រឹងមាំដើម្បីទ្រទ្រង់សង្គមជាតិនៅថ្ងៃអនាគត។
ខ្ញុំសូមរំលឹកជូនថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ ប្រសិទ្ធភាព សមធម៍ និងចីរភាព។ រាជរដ្ឋាភិបាលក៏បានកំណត់អាទិភាពគន្លឹះ ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ការណ៍នេះ បញ្ជាក់ថា ការអភិវឌ្ឍន៍មូលធនមនុស្ស គឺជាអាទិភាពសំខាន់បំផុត សម្រាប់ការកសាងប្រទេសជាតិយើង ក្នុងបរិបទនៃការប្រកួតប្រជែង របស់តំបន់ និងពិភពលោក។ ហេតុនេះ ការចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្សទាំងវិស័យរដ្ឋ និងឯកជន ពិតជាមានសារៈសំខាន់បំផុត ជាក់ស្តែងការខិតខំប្រឹងប្រែង របស់សាលារៀនកោះកុង អន្តរជាតិនាពេលនេះ។
ជាមួយគ្នានេះ នាងខ្ញុំ សូមធ្វើការកោតសរសើរដោយស្មោះ ដល់លោកគ្រូ អ្នកគ្រូទាំងអស់ នៃសាលារៀនកោះកុងអន្តរជាតិ ដែលបានខិតខំយកអស់កំលាំងកាយចិត្ត អប់រំបណ្តុះបណ្ដាល ក្មួយៗសិស្សានុសិស្ស ជាពិសេស អស់លោក លោកស្រីដែលជាមាតាបិតា អាណាព្យាបាលរបស់ក្មួយៗ ដែលបានលះបង់ទាំងពេលវេលា កំលាំងកាយចិត្ត និងថវិកាក្នុងការបញ្ជូនកូនៗ ក្មួយៗ មកសិក្សា រហូតទទួលបានជោគជ័យ នាពេលនេះ។
ជាថ្មីម្ដងទៀត នាងខ្ញុំសូមចូលរួមអបអរសាទរចំពោះក្មួយៗសិស្សានុសិស្សទាំងអស់នៅសាលារៀនកោះកុងអន្តរជាតិ ដែលបានប្រទ្បងជាប់ជាស្ថាពរទាំង៨៨៤នាក់ ក្នុងនោះកុមារី មានរហូតដល់ ៥៣៦នាក់។
មុននឹងបញ្ចប់ នាងខ្ញុំ សូមឆ្លៀតយកឱកាសនេះ អំពាវនាវដល់មាតាបិតា អាណាព្យាបាលរបស់សិស្សទាំងអស់ សូមបន្តបញ្ជូនកូនៗដែលមានអាយុគ្រប់ក្នុងការចូលសិក្សា មកចុះឈ្មោះសិក្សា ឱ្យបានទាន់ពេលវេលាសម្រាប់ឆ្នាំសិក្សានីមួយៗ ទាំងនៅតាមបណ្ដាសាលារៀនរដ្ឋឬឯកជន និងសូមបន្តជំរុញបន្ថែមទៀតដល់ការសិក្សារបស់កូនៗឱ្យទទួលបានការសិក្សា គ្រប់ៗគ្នា ព្រមជាមួយគ្នានេះ សូមលោកគ្រូ អ្នកគ្រូ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្ទេរចំណេះដឹង និងអប់រំវិន័យសីលធម៌ក្នុងសង្គមដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគាត់ បានក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ មានសីលធម៌រស់នៅល្អ ជាទំពាំងស្នងឬស្សីប្រកបដោយគុណភាព សម្រាប់សង្គមជាតិ នាពេលអនាគត។
ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦











































































































