លោក គង់ ចន្ទថុល្ល ប្រធានមន្ទីរធម្មការនិងសាសនាខត្ត បានដឹកនាំអាចារ្យ អាចារិនីចំនួន២០នាក់ បានចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើក១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
ក្រោមការរៀបចំដ៏ខ្ពងខ្ពស់ពីឯកឧត្តមបណ្ឌិត ចាយ បុរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដោយបានចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លោក-លោកស្រីប្រធានមន្ទីរ ធម្មការនិងសាសនាទូទាំង២៥រាជធានីខេត្ត និងមានអង្គសិក្ខាអាចារ្យ អាចារិនី ចំនួន១០០០នាក់ ព្រមទាំងឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស សរុប ១២០០នាក់។
អាចារ្យ និងអាចារិនី គឺជាតួអង្គដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលមានតួនាទីដឹកនាំពិធីសាសនា ពិធីបុណ្យ ពិធីមង្គល និងពិធីប្រពៃណីនានា ព្រមទាំងចូលរួមអប់រំសីលធម៌ និងថែរក្សាមរតកវប្បធម៌ខ្មែរ ឱ្យបានគង់វង្ស បន្តទៅកាន់កូនចៅជំនាន់ក្រោយ។
ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងការឯកភាពគ្នារបស់អាចារ្យទូទាំងប្រទេសក្នុងការដឹកនាំពិធីកម្មផ្សេង តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ចាប់ពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា ដែលបានផ្តល់ឱកាសដល់អាចារ្យ និងអាចារិនី ផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងស្វែងយល់ពីតួនាទី ភារកិច្ច ក្បួនខ្នាត និងក្រមសីលធម៌របស់ខ្លួន កាត់បន្ថយការអនុវត្តពិធីកម្មកម្លាយ និងបង្កើនការយល់ដឹងរបស់អាចារ្យក្នុងការដឹកនាំពិធីឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាថែរក្សាតម្លៃសាសនា វប្បធម៌ និងប្រពៃណីខ្មែរ។
………………………..
ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
















