លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ នៅស្រុកគិរីសាគរ។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថាកិច្ចប្រជុំផ្សព្វផ្សាយ ដែលពោពេញទៅដោយសារៈសំខាន់នាពេលនេះ ជាសក្ខីភាពឆ្លុះបញ្ចាំង អំពីកិច្ចសហការល្អគ្រប់តួអង្គសំខាន់ៗ និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្ត ឱ្យ ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ បន្ថែមពីនេះ ដើម្បីពង្រឹងការអនុវត្ត ច្បាប់ និងអនុក្រឹត្យលេខ០៣នេះ ប្រកបដោយប្រសិទ្ធភាព ខ្ញុំសូមធ្វើការណែនាំមន្ទីរ អង្គភាព អាជ្ញា ធរមានសមត្ថកិច្ចពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ ដូចខាងក្រោម៖
១. ត្រូវបន្តផ្សព្វផ្សាយ អនុក្រឹត្យនេះឱ្យបានទូលំទូលាយបន្ថែមទៀត ដល់ភាគីពាក់ព័ន្ធ និង ទីតាំងរស់នៅប្រមូលផ្តុំដើម្បីអនុវត្តតាមភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ព្រោះថាអនុក្រឹត្យនេះ ក៏ជាកត្តាលីករដ៏សំខាន់មួយសម្រាប់គាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគទេសចរណ៍ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រទេស ក្នុងបរិបទសន្តិសុខតំបន់ និងអន្តរជាតិ ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស
២. រដ្ឋបាលស្រុកគិរីសាគរ និងរដ្ឋបាលឃុំ ត្រូវក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់អំពីប្រជា ពលរដ្ឋខ្មែរគ្រប់រូប និងជនបរទេសដែលស្នាក់នៅតាមទីតាំងប្រមូលផ្តុំ តាមរយៈការចុះត្រួតពិនិត្យរដ្ឋបា លជាប្រចាំ មិនត្រូវឆ្លៀតឱកាសប្រព្រឹត្តអំពើខុសច្បាប់ ដោយធ្វើឱ្យបានត្រឹមត្រូវ និងញឹកញាប់ទៅតាមទី តាំងនីមួយៗដែលមានប្រជាពលរដ្ឋប្រមូលផ្តុំ
៣. អធិការដ្ឋាននគរបាលស្រុក ត្រូវធ្វើការណែនាំដល់ប្រធានអង្គភាព ឬម្ចាស់ទីតាំងប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងការរស់នៅប្រមូលផ្តុំ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ផ្តល់របាយការណ៍អំពី ចំនួនអ្នកស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំរបស់ខ្លួនឱ្យបានទៀងទាត់តាមពេលកំណត់ និងត្រូវរៀបចំ ផែនការចុះពិនិត្យគុណភាពនៃប្រព័ន្ធការពារសន្តិសុខ សុវត្ថិភាព នៅទីតាំងប្រមូលផ្តុំដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋដែលស្នាក់នៅតាមទីតាំងនីមួយៗ
៤. រដ្ឋបាលស្រុក និងរដ្ឋបាលឃុំត្រូវផ្សព្វផ្សាយអប់រំដើម្បីធ្វើបច្ចុប្បន្នភាព និងពង្រឹងការអនុវត្ត ប្រព័ន្ធគ្រប់គ្រងទិន្នន័យជនបរទេសឱ្យបានទូលំទូលាយបន្ថែមទៀត ធ្វើបច្ចុប្បន្នភាព និងពង្រឹងការចុះ បញ្ជីស្នាក់នៅ ដែលស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្តុំ លើកកម្ពស់សមត្ថភាព ព្រមទាំងបណ្តុះបណ្តាល មន្ត្រីជំនាញពាក់ព័ន្ធជាប់ជាប្រចាំដើម្បីអាចគ្រប់គ្រង ប្រើប្រាស់ប្រព័ន្ធនេះ ឱ្យមានប្រសិទ្ធភាព
៥. ម្ចាស់ទីតាំងប្រមូលផ្តុំ អ្នកគ្រប់គ្រងទីតាំងប្រមូលផ្តុំ ត្រូវអនុវត្តកាតព្វកិច្ចក្នុងការចូលរួម គ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំស្របតាមបទបញ្ញត្តិនៃអនុក្រឹត្យនេះ ជា ពិសេសទាក់ទងទៅនឹងការកត់ត្រាអ្នកស្នាក់នៅទាំងអស់ ការរាយការណ៍អំពីការប្រែប្រួលអ្នកស្នាក់នៅ ក្នុងទីតាំងរបស់ខ្លួន ផ្តល់កិច្ចសហការ និងបង្កភាពងាយស្រួលក្នុងការអនុវត្តភារកិច្ចចុះត្រួតពិនិត្យ រដ្ឋបាល របស់អាជ្ញាធរមានសមត្ថកិច្ចតាមការកំណត់
៦. សូមបងប្អូនម្ចាស់ទីតាំងទាំងអស់ កុំពាក់ព័ន្ធជាមួយនឹងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ ដែលអាចធ្វើឱ្យបងប្អូនមានទោស រឹបអូសទ្រព្យសម្បត្តិ និងផាកពិន័យ។ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នាងខ្ញុំសូមផ្តល់អនុសាសន៍បន្ថែមដូចខាងក្រោម :
-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអធិការដ្ឋាននគរបាលស្រុក និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំង ដែលមាន សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីដែនសមត្ថកិច្ចរបស់ខ្លួន
-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអធិការដ្ឋាននគរបាលស្រុក និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ ត្រូវទប់ស្កាត់ឱ្យខាងតែបានក្នុងការ វិលត្រឡប់របស់ជនបរទេសចូលមក ទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានបោសសម្អាតរួចហើយ និងការចល័តមនុស្សចេញពីទីតាំងប្រមូលផ្តុំមួយចូល ទៅទីតាំងប្រមូលផ្តុំមួយទៀត
-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអធិការដ្ឋាននគរបាលស្រុក និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការណែនាំដល់ម្ចាស់ ឬអ្នក គ្រប់គ្រងទីតាំងជនបរទេសរស់នៅ ប្រមូលផ្តុំ ក្នុងការសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពឱ្យបានល្អតាមទីតាំងទាំង នោះ ដើម្បីជៀងវាងនូវបាតុភាពអសកម្ម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ អាជ្ញាធរផ្សេងៗ
-ត្រូវអនុវត្តវិធានការផាកវិន័យចំពោះម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់ នៅប្រមូលផ្តុំ ដែលមិនបានរាយការណ៍ អំពីព័ត៌មានជនបរទេសចូលមកស្នាក់នៅទីតាំង របស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ អនុវត្ត តួនាទីភារកិច្ច និង កាតព្វកិច្ចរបស់ខ្លួនដែលបានកំណត់ក្នុងអនុក្រឹត្យនេះ និងច្បាប់ លិខិតបទដ្ឋានគតិ យុត្តពាក់ព័ន្ធដោយ យកចិត្តទុកដាក់ខ្ពស់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦

























