រដ្ឋបាលខេត្តកោះកុង បានរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ដឹកនាំដោយលោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោកអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត សរុបប្រមាណ ១១០ នាក់។
លោកអភិបាលរងខេត្ត បានលើកឡើងថាការរៀបចំផែនការអភិវឌ្ឍន៍០៥ឆ្នាំ និងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិល របស់ក្រុមប្រឹក្សាខេត្ដ និងក្រុមប្រឹក្សាក្រុង ស្រុក គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីសម្រេចបាននូវចក្ខុវិស័យនានា របស់រដ្ឋបាលខេត្ដ និងក្រុង ស្រុក ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋាន របស់ខ្លួនឱ្យមាន លក្ខណៈសម្បត្តិឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ ជាក់ស្តែងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្ដ ត្រូវឆ្លងកាត់ចំនួន ០៣ ជំហាន ដោយនៅក្នុងជំហាននីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងឱ្យឃើញនូវគោលការណ៍ជាមូលដ្ឋានដូចជា៖ ការចូលរួមពិគ្រោះយោបល់ ការចែករំលែកព័ត៌មាន ការធានា សមធម៌ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។ល។ ជាពិសេសការប្រមូលព័ត៌មានអំពីតម្រូវការនានា សម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត នឹងត្រូវបានរៀបចំឡើង ដោយផ្អែកលើតម្រូវការពីអ្នកពាក់ព័ន្ធទាំងអស់ ស្របតាមតម្រូវការរបស់រដ្ឋបាលឃុំ សង្កាត់ ដែលលើកឡើងតាមរយៈរដ្ឋបាលក្រុង ស្រុក តម្រូវការរបស់រដ្ឋបាលក្រុង ស្រុក តម្រូវការរបស់មន្ទីរ អង្គភាពជំនាញនានា តម្រូវការរបស់អង្គការសង្គមស៊ីវិល និងវិស័យឯកជនជាដើម។
លោកបានបន្តថានៅក្នុងដំណើរការ នៃវេទិកាពិគ្រោះយោបល់សម្រាប់ឆ្នាំ២០២១នេះ យើងទាំងអស់គ្នា ត្រូវយក ចិត្ដទុកដាក់ពិនិត្យពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយត្រូវធ្វើយ៉ាងណាកុំឱ្យមានការខ្វះចន្លោះកើតឡើងជាយថាហេតុ ព្រោះថាវេទិកានេះ គឺជាផ្នែកមួយដ៏សំខាន់ ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជន អង្គការដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ត្រូវរួមគ្នាពង្រឹងកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ជាពិសេសធ្វើការសម្របសម្រួល និងបន្ស៊ីគ្នារវាងគម្រោង នៃកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តជាមួយនឹង គម្រោង នៃកម្មវិធីវិនិយោគរបស់រដ្ឋបាលក្រុង ស្រុក។
ការរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១- ២០២៣) របស់រដ្ឋបាលខេត្តកោះកុងនាពេលនេះ គឺមានគោលបំណង សំខាន់ៗដូចខាងក្រោម ៖
១-សម្របសម្រួល និងបន្ស៊ីគ្នារវាងគម្រោង នៃកម្មវិធីវិនិយោគបីឆ្នាំ រំកិលខេត្តជាមួយនឹងកម្មវិធីវិនិយោគក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង គម្រោងរបស់បណ្តាមន្ទីរវិស័យនានាក្នុងខេត្ត។
២-ពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលក្រុង ស្រុក ដៃគូ អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា។
៣-កៀគរធនធានសម្រាប់គាំទ្រដល់គម្រោងវិនិយោគនានា ដែលបាន លើកឡើងដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក។
៤-បញ្ចូលនូវគម្រោងនានា ដែលបានលើកឡើងដោយមន្ទីរវិស័យ ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក អង្គការសង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធនានាទៅក្នុងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្ត។
ជាមួយគ្នានេះ លោក បានឲ្យដឹងផងដែរថា បន្ទាប់ពីបញ្ចប់វេទិកាពិគ្រោះយោបល់នេះ សមាជិក សមាជិកាទាំងអស់ នឹងទទួលបាននូវចំណេះដឹងជាមូលដ្ឋាន អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពិចារណាគាំទ្រសកម្មភាព ដែលបានលើកឡើងក្នុងដំណើរការវេទិកាពិគ្រោះយោបល់របស់រដ្ឋបាលខេត្ត ដែលក្រុមការងារបានធ្វើបទបង្ហាញប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។
ទន្ទឹមនេះ លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់សមាជិក សមាជិកា នៃអង្គវេទិកាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់ ពិភាក្សា និងលើកឡើងជាសំណួរសំណូមពរផ្សេងៗ ដើម្បីយល់អំពីដំណើរការរួម និងរបៀបរៀបចំចាត់ចែងនៅក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត ព្រមទាំងគោលការណ៍សំខាន់ៗពាក់ព័ន្ធ នឹងការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាង ស្ថាប័ន អង្គការ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជននានា ជាមួយរដ្ឋបាលខេត្ត៕