លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយលោកឧកញ៉ា ងួន ម៉េងតិច ក្នុងគោលបំណងជំរុញ និងសហការលើការបង្កើតសៀវភៅមគ្គទេសក៍វិនិយោគខេត្តកោះកុង ដើម្បីទាក់ទាញអ្នកវិនិយោគមកវិនិយោគនៅលើទឹកដីខេត្តកោះកុងបន្ថែមទៀត។
ថ្លែងក្នុងកិច្ចពិភាក្សានេះ លោកជំទាវ បានមានប្រសាសន៍ ស្នេីសុំឱ្យមានការរំលិចបន្ថែមអំពីសក្តានុពលវិនិយោគ ជាពិសេសវិស័យអេកូទេសចរណ៍ ក្នុងសៀវភៅមគ្គទេសក៍វិនិយោគខេត្តកោះកុង និងស្នេីសុំមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រ និងសហការ ក្នុងការផលិតសៀវភៅនេះឱ្យទទួលបានជោគជ័យ៕