លោក គង់ ហួត នាយករងទីចាត់ការអន្តរវិស័យ និងជាលេខាធិការគណៈកម្មាធិការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តកោះកុង បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលកែច្នៃឡើងវិញឃុំកោះស្តេច ដែលមានទីតាំងស្ថិតនៅបរិវេណសាលាឃុំកោះស្តេច។ មណ្ឌលកែច្នៃឡើងវិញឃុំកោះស្តេច គឺជាមណ្ឌលកែច្នៃសំរាម សំណល់រឹងនៃឧបករណ៍នេសាទ (សំណាញ់ មង…) សំរាប់ធ្វើជាគ្រឿងអលង្ការ និងឧបករណ៍ប្រើប្រាស់នានា។ ក្រៅពីសំរាម សំណល់រឹងពីឧបករណ៍នេសាទ មណ្ឌលនេះក៏មានឧបករណ៍កែច្នៃសំរាមប្លាស្ទិក ដែលអាចផលិតជាគ្រឿងអនុស្សាវរីយ៍ និងរបស់របរប្រើប្រាស់សម្រាប់ភ្ញៀវទេសចរផងដែរ។ គម្រោងនេះផ្តួចផ្តើមដោយក្រសួងកសិកម្ម អង្គការសត្វព្រៃនិងរុក្ខជាតិ ក្រោមកិច្ចសហការរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដោយផ្តោតលើការកែច្នៃសំណាញ់នេសាទដែលឈប់ប្រើប្រាស់ និងសំរាមប្លាស្ទិកទៅជាផលិតផលដែលអាចលក់បាន ដើម្បីបង្កើនឱកាសរកប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន ព្រមទាំងកាត់បន្ថយហានិភ័យនៃការបោះចោលឧបករណ៍នេសាទ និងប្លាស្ទិកចូលទៅក្នុងសមុទ្រ។
ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦















