លោក ទូច វុទ្ធី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង អមដោយលោកប្រធានការិយាល័យប្រៃសណីយ៍ បានអញ្ជើញជាចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ«ចូរសរសេរសំបុត្រទៅកាន់មិត្តភក្តិម្នាក់ពីមូលហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុងពិភពឌីជីថល- Write a letter to a friend about why human connection matters in a digital world.” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ក.ប.ទ. តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា លោក លោកស្រី តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើនកុះករ នៅទីស្តីការ ក.ប.ទ.។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រដល់សិស្សជ័យលាភី ព្រមទាំងប្រគល់រង្វាន់លើកទឹកចិត្ត រួមមាន៖
-ជ័យលាភីលេខ១ សិស្សឈ្មោះ ហេង រក្សា ភេទស្រី មកពីអនុវិទ្យាល័យពងទឹក ខេត្តកែប ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កុំព្យូទ័រយួរដៃចំនួន១ កាបូបចំនួន១ និងថវិកាចំនួន៤ លានរៀល
-ជ័យលាភីលេខ២ សិស្សឈ្មោះ ឡូត សំរិទ្ធិការ្យ ភេទស្រី មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ភ្នំពេញ ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កុំព្យូទ័រយួរដៃចំនួន១ កាបូបចំនួន១ និងថវិកាចំនួន២ លានរៀល
-ជ័យលាភីលេខ៣ សិស្សឈ្មោះ លី ធីតាវឌ្ឍនា ភេទស្រី មកពីសាលាពន្លឺវិជ្ជាអន្តរជាតិ ខេត្តកំពង់ចាមទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូបចំនួន១ និងថវិកាចំនួន ១ លានរៀល
-និង ជ័យលាភីលេខ៤ ដល់ លេខ១០ ទទួលបានវិញ្ញាបនបត្រចំនួន១ ប្រាក់លើកទឹកចិត្តចំនួន៥0 ម៉ឺនរៀល តែមប្រិ៍ចំនួន១ ឈុត និងកាបូបចំនួន១។
*សូមជម្រាបជូនថា ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិនេះ បានផ្តល់ឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សបញ្ចេញទេពកោសល្យ បង្កើនសមត្ថភាព គំនិតច្នៃប្រឌិត និងទេពកោសល្យយ៉ាងប៉ិនប្រសប់របស់ក្មួយៗលើការសរសេរ ការស្រាវជ្រាវ ការវិភាគបញ្ហា និងដំណោះស្រាយទៅលើបញ្ហា។ នៅក្នុងពិភពឌីជីថល មនុស្សបានផ្សារភ្ជាប់គ្នាទៅដល់ចម្ងាយឆ្ងាយ និងផ្តល់លទ្ធភាពលើការទំនាក់ទំនងគ្នាយ៉ាងសម្បូរបែប។ ប្រធានបទនៅឆ្នាំនេះ ហាក់បានពញ្ញាក់ស្មារតីយើងថា «ទំនាក់ទំនងរវាងមនុស្សដោយផ្ទាល់នៅតែមានសារៈសំខាន់» បើទោះបីជាបច្ចេកវិទ្យាបានចូលមកដល់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង និងយើងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនៃគុណភាពជីវិតរបស់យើងនៅផ្នែកណាមួយក៏ដោយ។ តាមរយៈកម្មវិធីនេះ សិស្សានុសិស្សបានយល់ដឹងនិងប្រើប្រាស់សេវាបញ្ញើរបស់ប្រៃសណីយ៍ ដែលបច្ចុប្បន្ន កំពុងពង្រីកបណ្តាញរបស់ខ្លួនឱ្យកាន់តែទូលំទូលាយទៅជិតនិងសហគមន៍។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦














