លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីក្នុង”ទិវានៃការចងចាំ ២០ ឧសភា” នៅវត្តជោត្តញ្ញាណ។
ថ្ងៃទី២០ ខែឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបរម្លឹកដល់ដួងព្រលឹងជនរងគ្រោះខ្មែរស្លូតត្រង់ ជាង៣លាននាក់ ដែលបានបាត់បង់ជីវិតដោយអត់អាហារ ឈឺគ្មានថ្នាំព្យាលបាល ការបង្ខំឱ្យធ្វើការហួសកម្លាំង ចាប់ឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ ក្នុងរបបយង់ឃ្នងខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។ ទិវានេះជាការរំឭកដល់អ្នកជំនាន់ក្រោយ “កុំភ្លេចប្រវត្តិសាស្ត្រដ៏ខ្មៅងងឹងមួយនេះ ហើយទប់ស្កាត់ ការពារធ្វើយ៉ាងណាកុំឱ្យប្រវត្តិសាស្ត្រនេះកើតឡើងវិញម្តងទៀត”។ ការចងចាំមិនមែនដើម្បីសងសឹកទេ ប៉ុន្តែដើម្បីកសាងសន្តិភាព យុត្តិធម៌ និងការផ្សះផ្សាជាតិ។ ការចងចាំនឹងផ្ដល់កម្លាំងឱ្យយើងបន្តទៅមុខដោយសេចក្ដីសង្ឃឹម និងសាមគ្គីភាព៕
ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦








































































