នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ដែលបានប្រារព្ធឡើងនៅរោងចក្រយ៉ាហ្សាគី ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលមានអ្នកចូលរួមប្រមាណជា ២៨០នាក់។
ក្នុងទិវាប្រចាំឆ្នាំដ៏មានអត្ថន័យជ្រាលជ្រៅរបស់កម្មករនិយោជិត នាឱកាសនេះ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានមានមតិស្វាគន៍ និងបានសម្ដែងនូវការកោតសរសើរចំពោះបងប្អូនកម្មករនិយោជិតដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ កិច្ចសហការរវាងនាយករោងចក្រ សហគ្រាស សហជីព និងភាគីពាក់ព័ន្ធ អនុវត្តតាមលក្ខខណ្ឌការងារបានខ្ជាប់ខ្ជួន ដើម្បីរក្សាការពារសិទ្ធិប្រយោជន៍ស្របច្បាប់ រក្សានូវសុដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារ ដោះស្រាយរាល់បញ្ហា វិវាទនានាដោយសន្តិវិធី និងតម្លាភាព ដែលជាការរួមចំណែកអភិវឌ្ឍវិស័យការងារឱ្យកាន់តែរីកចម្រើន។
ទន្ទឹមនឹងនេះ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអានសារលិខិតផ្ដាំផ្ញើសួរសុខទុក្ខដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវអភិបាល ក៏បានសម្ដែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យការងារ ត្រូវបន្តពង្រឹងកិច្ចសហការ និងសាមគ្គីភាព ដើម្បីស្ថិរភាពការងារ ការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងបានផ្ដាំផ្ញើចំពោះបងប្អូនកម្មករនិយោជិតត្រូវមានជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ជៀសឆ្ងាយពីព័ត៍មានក្លែងក្លាយ ញុះញង់ ដែលគ្មានប្រភពច្បាស់លាស់៕
























