លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំការងារគ្រប់គ្រងសំរាម នៅតាមដងផ្លូវសាធារណៈ ក្នុងខេត្តកោះកុង
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំពិតជាមានក្តីរីករាយ ដែលបានចូលរួម ក្នុងកិច្ចប្រជុំការងារគ្រប់គ្រងសំរាម នៅតាមដងផ្លូវសាធារណៈសម្រាប់ខេត្តកោះកុងរបស់យើង។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន VATTANAC BREWERY LIMITED ដែលតែងតែជួយឧត្ថម្ភគាំទ្រ រាល់ការស្នើសូម របស់រដ្ឋបាលខេត្តនាពេលកន្លងមក។ ជាក់ស្តែងនាឱកាសនេះ អ្នកឧកញ៉ា បានជួយក្នុងការ ផលិតស្លាកផ្សព្វផ្សាយ ស្តីពីការហាមចោលសំរាមសំណល់រឹង តាមដងផ្លូវសាធារណៈ ចំនួន ៣៥ស្លាក ចំណាយ ថវិកាសរុប ចំនួន ២ ៨០០ដុល្លារ សម្រាប់ចែកជូន ដល់រដ្ឋបាល ក្រុង ស្រុក សម្រាប់ដាក់តាំង នៅតាមកន្លែងនានា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរបានជ្រាប។
អ្នកឧកញ៉ា លោក លោកស្រី បានជ្រាប នៅក្នុងរបាយការណ៍ របស់លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុងអម្បាញ់មិញ ខ្ញុំសូមគូសបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត ក៏បានចេញសេចក្តីណែនាំ ស្តីពីការរៀបចំពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងនោះសាលាក្រុង ស្រុក មន្ទីរ អង្គភាព និងសាខាជុំវិញខេត្ត ៖
-ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ដោយមានតុបតែងលម្អកំណាត់បូ បំភ្លឺភ្លើង ពណ៌ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក តាមគ្រប់មន្ទីរ អង្គភាព សាខាជុំវិញខេត្ត សាលាក្រុង ស្រុក ឃុំ សង្កាត់ និងណែនាំ ប្រជាពលរដ្ឋឱ្យលើកទង់ជាតិ គ្រប់គេហដ្ឋាន។
-ត្រូវណែនាំម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ភោជនីយដ្ឋាន អាហារដ្ឋាន សាលារៀនរដ្ឋ សាលារៀនឯកជន មណ្ឌលកម្សាន្ត រមណីយដ្ឋាននានា ឱ្យតុបតែងបំភ្លឺភ្លើងពណ៌ និងលើកទង់ជាតិ ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
-ត្រូវចាត់តាំងឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង តាមទីវត្តអារាម រមណីយដ្ឋាននានា ឬទីតាំងណាដែលសមរម្យ ហើយចៀសវាង និងទប់ស្កាត់ឱ្យបាននូវល្បែងណា ដែលប្រាសចាកនឹងច្បាប់ ខុសប្រពៃណីជាតិខ្មែរ ដូចជា ល្បែងស៊ីសង គប់ទឹក បាញ់ទឹក ជះទឹក ប៉ាតម្សៅ លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ។ល។
-ត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និង គ្រឿងឆេះផ្សេងៗ ដែលនាំឱ្យមានគ្រោះអគ្គិភ័យ។ ត្រូវចាត់តាំងរៀបចំពិធីបុណ្យសាសនា តាមវត្តអារាម និងពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធ បងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងវីរកងទ័ពដែលបានពលី នៅសមរភូមិព្រំដែនកម្ពុជា-ថៃ នៅកន្លែងដែលបានតម្កល់អដ្ឋិធាតុ នៅតាមបូជនីយដ្ឋាន ស្តូប និងវត្តអារាម។
-ចំណុចសំខាន់ ដែលត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមមួយទៀតគឺ ត្រូវធ្វើ អនាម័យ បោសសម្អាតសំរាមគ្រប់ប្រភេទ កាត់ស្មៅ ពង្រាបដីឱ្យស្មើ ចាក់ដី ចាក់ផេះលុប បំបាត់ភក់ជ្រាំ និងលុបបំបាត់ស្បោងប្លាស្ទិកនៅតាមចិញ្ចើមថ្នល់ ទីកន្លែងធ្វើការ គេហដ្ឋាន ទីប្រជុំជន ទីសាធារណៈ។
ជាក់ស្តែងខ្ញុំសង្កេតឃើញមាន អង្គភាពមួយចំនួន បានអនុវត្តជាបណ្តើរៗ តែក៏នៅមាន អង្គភាពមួយចំនួន មិនទាន់ឃើញចាត់ចែងអនុវត្តនៅឡើយស្របតាមសេចក្តីណែនាំខាងលើ។
មួយវិញទៀត លោក លោកស្រី ទាំងអស់ត្រូវយកចិត្ត អនុវត្តតាមគោលការណ៍ណែនាំ និងសេចក្តីសម្រេចនានា របស់គណៈកម្មការគ្រប់គ្រងសំណល់រឹង រាវ ។ ខ្ញុំសូមទាញយកការចាប់អារម្មណ៍ទាក់ទងបណ្តាញសង្គម ដែលបានធ្វើការបង្ហោះអំពីបញ្ហាសំរាម នៅឃុំថ្មស សូមលោកអភិបាលស្រុកបូទុមសាគរ ចាត់ចែងឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ជាក់ស្តែងមិនមែនតែឃុំថ្មសប៉ុណ្ណោះទេ អស់លោក លោកស្រី អភិបាលក្រុង ស្រុក សូមពិនិត្យ អំពីបញ្ហាសំរាមនេះបន្ថែមទៀត អ្វីដែលបានលើកឡើងក្នុងក្រុង ស្រុក របស់លោក លោកស្រី ក៏មានដូចគ្នាគ្រាន់តែមិនបានបង្ហាញនៅក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ។
ត្រូវយកចិត្តទុកដាក់រកទីតាំងចាក់សំរាម ស្វែងរកដៃគូវិនិយោគ ការប្រមូលសំរាម ត្រូវខិតខំផ្សព្វផ្សាយអំពីការទុកដាក់សំរាម និងការកាត់បន្ថយសំរាម ពិសេសទប់ស្កាត់ ការចោលសំរាមតាមដងផ្លូវសាធារណៈ។
យើងត្រូវរៀបចំផ្ទះយើង សហគមន៍ មូលដ្ឋានទាំងអស់ ឱ្យបានស្អាត ដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ មកស្នាក់នៅ កម្សាន្ត ឱ្យបានច្រើន ជាចំណូលសម្រាប់បងប្អូនប្រជាពលរដ្ឋតែម្តង។
ថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦




























