សិក្ខាសាលាស្តីពីការបូកសរុបការងារ២០២៥ និងលើកទិសដៅ ២០២៦ ព្រមទាំងការចែករំលែកបទពិសោធន៍ការងារថែទាំនៃមន្ទីរពេទ្យបង្អែកក្នុងខេត្តកោះកុង របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង។
ខេត្តកោះកុង៖ ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦
លោក ងិន ប៊ុនធឿន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង និងក្រុមការងារ បានរៀបចំសិក្ខាសាលាស្តីពីការបូកសរុបការងារ២០២៥ និងលើកទិសដៅ ២០២៦ ព្រមទាំងការចែករំលែកបទពិសោធន៍ការងារថែទាំនៃមន្ទីរពេទ្យបង្អែកក្នុងខេត្តកោះកុង ក្រោមអធិបតីភាព លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និងលោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាល តំណាងឯកឧត្តមវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង លោក ខូវ ប្រុស អគ្គលេខាធិកាក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ លោក ជូ ចាន់ដារ៉ុង អគ្គហេរញ្ញិករងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និងព្រមទាំងលោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកទាំងអស់ រួមទាំងសមាជិកជាគិលានុបដ្ឋាក (រដ្ឋ និងឯកជន) របស់គណៈគិលានុបដ្ឋាកកម្ពុជាចំនួន ៦០នាក់ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង និងមានចំនួន ៤៥នាក់ទៀតដែល បានចូលតាមប្រព័ន្ធនិម្មិត Zoom។
នៅក្នុងសិក្ខាសាលាខាងលើ គឺមានគោលបំណងដូចជា៖
»ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត(CPD)
»ចែករំលែកចំណេះដឹងពីការប្រើប្រាស់ប្រព័ន្ធចុះបញ្ជិកា (RMS) និងបន្តសុពលភាព ការបញ្ចូលពិន្ទុ(CPD)
»ធ្វើឱ្យប្រសើរឡើងនូវការអនុវត្តវិជ្ជាជីវៈគិលានុបដ្ឋាកក្នុងមន្ទីរពេទ្យ
»គិលានុបដ្ឋាកយល់ដឹងពីតួនាទី និងអនុវត្តប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
»ចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងការថែទាំជំងឺ
»គិលានុបដ្ឋាកទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម។
ជាកិច្ចដំបូង លោកស្រីអនុប្រធាន បានអញ្ជើញឡើងថ្លែងសុន្ទរកថា ដោយបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំកម្មវិធីនេះ និងបានជំរុញឱ្យគិលានុបដ្ឋាក ទាំងអស់ ចូលរួមចុះបញ្ជិកាវិជ្ជាជីវៈឱ្យបានគ្រប់គ្នា និងលើកទឹកចិត្តឱ្យមានការបង្កើនវគ្គបណ្តុះបណ្តាលបន្ថែម ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការនៃសង្គម និងប្រព័ន្ធសុខាភិបាលសម័យទំនើប។ ព្រមទាំងបានលើកឡើងអំពីចំណុចខ្លាំង និងចំណុចខ្សោយមួយចំនួន ដែលបានសង្កេតឃើញក្នុងការអនុវត្តការងារថែទាំរបស់គិលានុបដ្ឋាក។
បន្ទាប់មក លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមការងារ អ្នកបង្ហាញ និងអ្នករៀបចំកម្មវិធីទាំងអស់ ដែលបានខិតខំរៀបចំ និងបង្ហាញព័ត៌មានយ៉ាងច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់។ លទ្ធផលដែលទទួលបានពីវគ្គនេះ បង្ហាញឱ្យឃើញពីការចាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់គិលានុបដ្ឋាក ក្នុងការរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរ ដែលបានបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) និងការប្រើប្រាស់ប្រព័ន្ធ (RMS) ក្នុងការគ្រប់គ្រង និងតាមដានសមត្ថភាពវិជ្ជាជីវៈ។ លោកក៏បានជំរុញឱ្យគិលានុបដ្ឋាកទាំងអស់ ចូលរួមចុះបញ្ជិកាវិជ្ជាជីវៈឱ្យបានគ្រប់គ្នា និងលើកទឹកចិត្តឱ្យមានការចុះអភិបាលតាមតំបន់ ដើម្បីតាមដានការអនុវត្តការងារថែទាំ ស្តង់ដារ និងសីលធម៌វិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវ និងមានគុណភាព។ ជាទីបញ្ចប់លោកប្រធានបានផ្តល់ចំនុចសំខាន់ៗក្នុងការពង្រឹងគុណភាពវិជ្ជាជីវៈគិលានុបដ្ឋាកតាមរយៈការយល់ដឹង និងអនុវត្តលើចំណុចស្នូលជាច្រើន ដូចជា៖
• ក្រមសីលធម៌វិជ្ជាជីវៈ
• ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ
• ដែនកំណត់នៃវិជ្ជាជីវៈ (Scope of Practice)
• បច្ចេកទេសថែទាំ
• ការចុះបញ្ជិកា និងការបន្តអាជ្ញាបណ្ណ
• ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD Points)













