/ / /

លោក ទូ សាវុធ អភិបាលខេត្តស្តីទី តំណាងលោកជំទាវ អភិបាលខេត្តកោះកុង ទទួលស្វាគមន៍ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពិភាក្សារវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ នៅខេត្តកោះកុង

លោក ទូ សាវុធ អភិបាលខេត្តស្តីទី តំណាងលោកជំទាវ អភិបាលខេត្តកោះកុង ទទួលស្វាគមន៍ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពិភាក្សារវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ នៅខេត្តកោះកុង

លោកអភិបាលខេត្តស្តីទី សូមគោរពរាយការណ៍ជូន អំពីលទ្ធផល នៃការដោះស្រាយវិវាទ សម្រាប់ខេត្តកោះកុង ក៏ដូចជាខេត្តក្នុងចំណោមរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដទៃទៀតដែរ ដែលជាទូទៅ វិវាទត្រូវបានសម្របសម្រួលដោះស្រាយតាមយន្តការចំនួន ០២ គឺ តាម ឬក្នុងប្រព័ន្ធតុលាការ របស់ស្ថាប័នយុត្តាធិការ និងក្រៅប្រព័ន្ធតុលាការ របស់ស្ថាប័ននីតិប្រតិបត្តិ។ ដោយឡែក ក្នុងកម្មវិធីនាថ្ងៃនេះ ខ្ញុំសូមលើកយកតែការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដែលជារបស់ស្ថាប័ន នីតិប្រតិបត្តិនៅរដ្ឋបាលថ្នាក់ក្រោមជាតិ មកបរិយាយប៉ុណ្ណោះ។ ក្នុងមូលដ្ឋានខេត្ត កម្រិតនៃការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបែងចែកជា ០៣កម្រិត រួមមាន៖ ១).កម្រិតថ្នាក់ខេត្ត ២).កម្រិតថ្នាក់ក្រុង ស្រុក ៣).កម្រិតថ្នាក់ឃុំ សង្កាត់។ ការសម្របសម្រួលដោះស្រាយនៅកម្រិតថ្នាក់នីមួយៗ ត្រូវបានប្រព្រឹត្តតាមវិស័យ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ។ ដូចនេះខ្ញុំសូមលើកឡើងនូវបញ្ហាចម្បងចំនួន ២ករណី នៃការដោះស្រាយវិវាទ ដូចខាងក្រោម៖
១.វិស័យសាធារណការ ៖ តាមគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានកម្ចីឥណទានពីសាធារណរដ្ឋកូរ៉េ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកោះកុងកន្លងមក ការដោះស្រាយបណ្តឹងតវ៉ា គោរពតាមនីតិវិធី រួមមាន៖ ដំណាក់កាលបឋមនៅថ្នាក់ឃុំ សង្កាត់ គឺប្រជាពលរដ្ឋរងផលប៉ះពាល់អាចស្វែងរកជំនួយពីមេឃុំ/ចៅសង្កាត់ ឬចាស់ព្រឹទ្ធចារ្យក្នុងសហគមន៍ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយសមស្របជាមួយក្រុមការងារ អនុគណៈកម្មការខេត្ត។ ករណីបណ្តឹង អាចត្រូវបានធ្វើឡើងដោយផ្ទាល់មាត់ ឬលាយលក្ខណ៍អក្សរ ហើយប្រសិនបើ បណ្តឹងមិនត្រូវបានដោះស្រាយដោយពេញចិត្ត គឺគាត់(អ្នករងផលប៉ះពាល់) អាចដាក់ពាក្យ បណ្តឹងជាផ្លូវការទៅ គណៈកម្មការដោះស្រាយពាក្យបណ្តឹងតវ៉ា តាមដំណាក់កាលដូចខាងក្រោម៖
-ដំណាក់កាលទី១ បណ្តឹងនៅថ្នាក់ក្រុង ស្រុក មានរយៈពេល១៥ថ្ងៃសម្រាប់ដោះស្រាយ។
ប្រសិនបើមិនមានដំណោះស្រាយជាវិជ្ជមានទេ គាត់អាចដាក់ពាក្យបណ្តឹងបន្ត
-ដំណាក់កាលទី២ អាចប្តឹងទៅ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារ
គម្រោងអភិវឌ្ឍន៍ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរយៈពេល ៤០ថ្ងៃ សម្រាប់ដោះស្រាយ។ ប្រសិនបើ មិនមានដំណោះស្រាយ ជាវិជ្ជមាន អាចដាក់ពាក្យបណ្តឹងបន្តទៀត
-ដំណាក់កាលទី៣ នៅថ្នាក់ខេត្តមានរយៈពេល ៣០ថ្ងៃ ហើយប្រសិនបើការដោះស្រាយ នៅតែអវិជ្ជមានប្រជាពលរដ្ឋអាចដាក់បណ្តឹងបន្តសាលាដំបូងខេត្ត។ ចំពោះករណីនេះ ដំណើរការដោះស្រាយ ត្រូវបានប្រព្រឹត្តដោយរលូន តាមនីតិវិធី និងគោលការណ៍ណែនាំ ដែលមានកំណត់ដោយច្បាប់។

២. វិស័យដីធ្លី ៖ គម្រោងអភិវឌ្ឍន៍កសិកម្មរបស់ក្រុមហ៊ុន ហេង ហ៊ុយ ក្រុមហ៊ុនស្ករអំពៅរបស់ក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប, ក្រុមហ៊ុន ហ្គីនរិច គ្រុប ខូអិលធីឌី, ក្រុមហ៊ុនអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម និងទេសចរណ៍ យ៉ូញៀនឌីវេលឡុបម៉ែន គ្រុប…ខូអិលធីឌី ។ល។ ក្រុមហ៊ុនទាំងនោះ ត្រូវបានទទួលសិទ្ធិសម្បទានដីពីរាជរដ្ឋាភិបាល ដើម្បីវិនិយោគ ហើយក៏មានទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋមានលក្ខណៈរ៉ាំរ៉ៃ ដែលបណ្តាលឲ្យដំណើរការដោះស្រាយវិវាទតាមវិស័យមួយចំនួនក្នុងខេត្ត ត្រូវបានអូសបន្លាយ ខ្ជះខ្ជាយទាំងធនធាន ពេលវេលា និង ថវិកា។ ខ្ញុំសូមជម្រាបជូនគណៈប្រតិភូមេត្តាជ្រាបថា ក្នុងយន្តការដោះស្រាយវិវាទគម្រោងអភិវឌ្ឍន៍ទាំងប៉ុន្មានខាងលើនេះ អាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងសម្របសម្រួលតាមសមត្ថកិច្ច ប៉ុន្តែករណីខ្លះ ក៏បានចូលទៅតាមប្រព័ន្ធតុលាការ ហើយករណីខ្លះជាសមត្ថកិច្ចដោះស្រាយរបស់គណៈកម្មការអន្តរក្រសួង។ រីឯការដោះស្រាយក្នុងដែនសមត្ថកិច្ចវិស័យផ្សេងៗ នៅទូទាំងខេត្តកោះកុង ដូចជា៖ ការទប់ស្កាត់ ការបង្ក្រាបបទល្មើស ការកសាងឯកសារសំណុំរឿង និងការអនុវត្តនូវវិធានការបំផ្លាញចោលវត្ថុតាងល្មើសផ្សេងៗ ត្រូវបានអនុវត្តតាមគោលការណ៍ និងក្នុងក្របខណ្ឌច្បាប់របស់សា្ថប័នមានសមត្ថកិច្ចនីមួយៗដែលបានកំណត់ជាធរមាន។ ក៏ប៉ុន្តែករណីខ្លះ ការអនុវត្តវិធានការច្បាប់ ក៏មិនទទួលបានជោគជ័យឡើយ៕

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង រួមជាមួយលោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានចូលរួមកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមជាគណៈអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី មគ្គុទេសក៏ព្យាបាលគ្លីនិក ផ្នែកវេជ្ជសាស្ត្រទូទៅ សល្បសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ ទុតិយា ជូនប្រជាពលរដ្ឋ ចំនួន១នាក់ និងចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន 8 នាក់ ស្រី៣នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ដែលរៀបចំដោយក្រសួងសុខាភិបាល ស្ដីពី ការពិនិត្យលទ្ធផល និងទិន្នន័យផ្នែកវះកាត់ និងផ្នែកសង្គ្រោះបន្ទាន់ ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យទាំង៦១ ដែលស្ថិតក្នុងគម្រោងរបស់ក្រសួងសុខាភិបាលក្នុងការជួសជុលកែលម្អអគារសង្គ្រោះបន្ទាន់ និងអគារវះកាត់។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារ​ ចុះសម្អាតកាយដី​ ភក់​ សំរាម​ និងថ្ម​ នៅក្នុងប្រលាយបង្ហូរទឹកសាធារណ:ដែលកកស្ទះ​ ព្រមទាំងបានត្រៀមរៀបចំដាក់គម្របលេីប្រលាយ