លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផ្លូវ និងភ្លើងបំភ្លឺឆ្ពោះទៅវត្តគិរីសាគរ(វត្តចម្លងគោ)”
ស្ថិតនៅក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា នាងខ្ញុំសូមឆ្លៀតឱកាសនេះ សូមអនុញ្ញាតិជម្រាបជូន អង្គពិធីទាំងមូលជ្រាបថា ខេត្តកោះកុង មានក្រុង១ សង្កាត់៣ ស្រុក៦ ឃុំ២៦ និងមានភូមិ សរុប១១៩ភូមិ។ គិតត្រឹមបំណាច់ឆ្នាំ២០២៥ នៅទូទាំងខេត្ត មានប្រជាជនរស់នៅចំនួន ៣៧.១៤២គ្រួសារ ស្មើនឹង១៥៨.១៤០នាក់ ស្ត្រីចំនួន ៧៨.៣៧៩នាក់។ មានឆ្នេរខ្សាច់ប្រវែង ២១៧គីឡូម៉ែត្រ លាតសន្ធឹងពីចំណុចជ្រោយស្វាយ ស្រុកស្រែអំបិល ដល់ចំណុចចាំយាម ស្រុកមណ្ឌលសីមា ស្មើនឹង៤៩% នៃប្រវែងឆ្នេរសមុទ្រទាំងអស់ ដែលមានប្រវែង ៤៤០គីឡូម៉ែត្រ របស់ប្រទេសកម្ពុជា ហើយត្រូវបានជាប់ជាសមាជិកក្លឹបឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតបំផុតលើសកលលោក និងត្រូវបានប្រសិទ្ធនាមថា ឆ្នេរសមុទ្រកម្ពុជា“តារារះនាទិសនិរតី”។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដឹកនាំប្រកប ដោយថាមភាព របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យគួរជាទីមោទនៈបំផុត។ ដោយឡែក ខេត្តកោះកុងទាំងមូល មានការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ គួរជាទីមោទនៈផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានកសាង និងកែលម្អជាបន្តបន្ទាប់ រួមមាន ផ្លូវក្នុងទីរួមខេត្ត និងផ្លូវជនបទ សួនច្បារ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព អគាររដ្ឋបាល សោភណ្ឌភាពទីប្រជុំជន ក្នុងក្រុងខេមរភូមិន្ទ ព្រមទាំងរមណីយដ្ឋាន ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិនានា សំដៅប្រែក្លាយទឹកដីខេត្តកោះកុង ជាទឹកដីនៃការទាក់ទាញភ្ញៀវទេសចរណ៍ ប្រកបដោយភាពស្រស់បំព្រង និងផាសុកភាព។
ដូចដែល ឯកឧត្តម នាយឧត្តមសេនីយ៍ គណៈអធិបតី និងអង្គពិធីទាំងមូល បានជ្រាបរួចហើយ អំពីប្រវត្តិ វត្តគិរីសាគរ ដែលមានឈ្មោះដើមហៅថា«វត្តចម្លងគោ» ដែលបានកសាងឡើងនៅក្នុងឆ្នាំ១៩៤២ ដោយព្រះគ្រូចៅអធិការវត្តព្រះនាម ឱក កាក់ និងមានព្រះគ្រូចៅ អធិការវត្ត ជាច្រើនព្រះអង្គ និងប្រជាពុទ្ធបរិស័ទ ដែលតែងតែបានខិតខំកសាងនូវសមិទ្ធផលជាច្រើន រហូតដល់ពេលបច្ចុប្បន្ននេះ។ ក្នុងឆ្នាំ១៩៩៥ ភិក្ខុនាម ហ៊ឹម សុវណ្ណ ជាព្រះចៅអធិការវត្ត បានបន្តដឹកនាំពុទ្ធបរិស័ទកសាងបន្តទៀត ដោយព្រះអង្គគ្រូចៅអធិការវត្តមើលឃើញ អំពីការខ្វះខាត នូវសមិទ្ធផលនានាជាច្រើន ក្នុងទីអារាមនេះ ទើបព្រះអង្គគ្រូព្រះចៅអធិការវត្ត បានធ្វើការទំនាក់ទំនងតាមរយៈលោក កាន់ កៅ ដើម្បីសូមជួប ឯកឧត្តម នាយឧត្តមសនីយ៍ ទៀ វិញ ដើម្បីចម្រើនពររាយការណ៍ពីមូលហេតុ នៃការខ្វះខាតនៅក្នុងវត្ត។ នៅពេលនោះ ឯកឧត្តម និងលោកជំទាវ ក៏មានសទ្ធាជ្រះថ្លា ជួយឧបត្ថម្ភ គាំទ្រ ក្នុងការកសាងឱ្យរីកចម្រើនចាប់តាំងពីពេលនោះរហូតមក។ ឯកឧត្តម នាយឧត្តមសនីយ៍ ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា ទៀវិញ រួមជាមួយព្រះគ្រូចៅអធិការវត្ត បានបន្តកសាងនូវសមិទ្ធផលឱ្យរីកចម្រើនដូចជា ព្រះវិហារថ្មី សាលាឆាន់ កុដិ ចង្ក្រានបាយ ស្រះទឹក និងសមទ្ធិផលផ្សេងៗចាប់តាំងពីឆ្នាំ២០០១មក។
ក្រោមការដឹកនាំរបស់ ភិក្ខុព្រះនាម ណន ចាន់សុភា ជាព្រះចៅអធិការ ចាប់តាំងពីឆ្នាំ២០១២ មកដល់ពេលសព្វថ្ងៃនេះ ព្រះអង្គក៏បានដឹកនាំពុទ្ធបរិស័ទ កសាងនូវសមិទ្ធផលនានា នៅក្នុងវត្ត មកទល់បច្ចុប្បន្ន មានដូចជា កុដិ សាលាទទួលភ្ញៀវ សាលាបុណ្យ និងប៉ាឆា ខ្លោងទ្វារ ផ្លូវបេតុង របងវត្ត និងអណ្ដូងទឹក។ល។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា ទៀវិញ តែងតែបានឧបត្ថម្ភ គាំទ្រ ក្នុងការកសាង រហូតដល់សព្ធថ្ងៃ ជាក់ស្តែងពេលនេះ យើងជួបជុំគ្នា ដើម្បីសម្ពោធ សមិទ្ធផលថ្មីបន្ថែមទៀត រួមមាន ផ្លូវបេតុង ១ខ្សែ ចាប់ពីចំណុចគល់ស្ពានភូមិចម្លងគោ ដល់ខ្លោងទ្វារវត្តគិរីសាគរ មានប្រវែង ៩៦០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ១៥០សង់ទីម៉ែត្រ និងភ្លើងសូឡាបំភ្លឺ ដែលចំណាយថវិកា ចំនួន ១២៨.៥៨០ដុល្លារ(មួយរយម្ភៃប្រាំបីពាន់ ប្រាំរយប៉ែតសិបដុល្លារ សហរដ្ឋអាមេរិកគត់)។
ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង នាងខ្ញុំសូមឆ្លៀតឱកាសនេះសំដែងនូវអំណរគុណ ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា ទៀវិញ ដែលកុលបុត្រដ៏ឆ្នើមរបស់ខេត្តកោះកុង ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចំណាយថវិកាដ៏ច្រើនក្នុងការចូលរួមកសាងសមិទ្ធផលទាំងអស់នេះ ដើម្បីទុកជាប្រយោជន៍សាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិចម្លងគោ ឃុំថ្មស នេះតែម្តង។
ក្នុងឱកាសនេះដែរ នាងខ្ញុំសូមចូលរួមអបអរសាទរជាថ្មីម្តងទៀត ជាមួយព្រះមន្ត្រីសង្ឃ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំថ្មស ដែលបានទទួលនូវសមិទ្ធផលថ្មីមួយបន្ថែម ទៀតនាពេលនេះ។ នាងខ្ញុំ សូមស្នើ ដល់បងប្អូនទាំងអស់ ដែលប្រើប្រាស់សមិទ្ធផលនេះ សូមចូលរួមថែរក្សាឱ្យបានល្អ ទុកជាប្រយោជន៍សាធារណៈ ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រឱ្យបានជាអង្វែងតទៅនិងសូមអំពាវនាវ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មេត្តាចូលរួមបរិច្ចាគជាសំភារ ថវិកា តាមកម្លាំងសទ្ធា សម្រាប់រួមចំណែកកសាងសមិទ្ធផលនានាបន្ថែមទៀត នៅក្នុងវត្តចម្លងគោយើងនេះ ដើម្បីឱ្យទីអារាមមួយនេះ ក្លាយជាទីគោរពសក្ការៈ របស់ប្រជាពុទ្ធបរិស័ទតរៀងទៅ។ថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦































