សាខា កក្រក ខេត្តកោះកុង៖ រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យលោក ឡុច ភិរ័ក្ស នាយករងសាខា ផ្តល់ជូនអំណោយមនុស្សធម៌ជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍ ៣នាក់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។
ក្នុងឱកាសនោះ ទន្ទឹមនិងបានពាំនាំនូវការផ្តាំផ្ញើពីនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខា លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។
ក្រុមការងារសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយអនាម័យ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយកុំបរិភោគ ផ្អែមពេក កុំប្រៃពេក និងកុំខ្លាញ់ពេក ដើម្បីជៀសផុតពីជំងឺមិនឆ្លងនានា មានដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរុំារ៉ៃ និងជំងឺមហារីកជាដើម។ ជាមួយគ្នានេះ រដូវនេះជារដូវវស្សានិងមានភ្លៀងធ្លាក់សូមបន្តការយកចិត្តទុកដាក់ចំពោះជំងឺគ្រុនឈាម មិនត្រឹមតែកុមារនោះទេដែលអាចឆ្លង មនុស្សចាស់ក៏អាចកើតជំងឺគ្រុនឈាមដូចគ្នា និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានាដែលបង្កឡើងដោយមនុស្សនិងធម្មជាតិ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ ១កេស,ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ , ព្រមទាំងថវិកា ៦ម៉ឺនរៀលដូចៗគ្នាផងដែរ៕



