លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់ និងទទួលកម្មវិធីគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋាន ឃុំ សង្កាត់ រវាងអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីរាជការនៃក្រសួងផែនការ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាស្ថិតិ លោក លោកស្រី ប្រធានមន្ទីរផែនការរាជធានី ខេត្ត និងលោក លោកស្រី តំណាងអង្គការដៃគូអភិវឌ្ឍ អញ្ជើញចូលរួមប្រមាណ៥០០នាក់ នៅទីស្តីការក្រសួងផែនការ ជាន់ទី៩។ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីបញ្ជាក់ពីភាពទទួលខុសត្រូវលើមុខងារ តួនាទីរបស់អង្គភាពមួយ និងអង្គភាពមួយទៀត ស្របគ្នានឹងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិការណ៍នៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយបានដាក់ចេញនូវអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ស្តីពីការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ និងអនុលោមមាត្រា១៥ នៃអនុក្រឹត្យលេខ៤៥ អនក្រ.បក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការរៀបចំនិងប្រព្រឹត្តិទៅរបស់វិទ្យាស្ថានជាតិស្ថិតិ ដែលត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។ ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថា មកដល់ពេលនេះ បានឈានចូលដល់ដំណាក់កាលកាន់តែស៊ីជម្រៅ ដែលតម្រូវឱ្យមានការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈនានា ដែលកំពុងមានការកើនឡើងយ៉ាងគំហុក ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ជាតិមានការរីកចម្រើនកាន់តែខ្លាំង។ ក្នុងដំណាក់កាលដ៏សំខាន់នេះ តម្រូវឱ្យក្រសួង ស្ថាប័ននៅថ្នាក់ជាតិមួយចំនួនបានផ្ទេរមុខងារ និងធនធានកាន់តែច្រើនឡើងបន្ថែមទៀតទៅ ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានដូចជា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។ល។ រហូតមកដល់ពេលនេះ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (២០១០-២០២០) បានបញ្ចប់ ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនស្របតាមលទ្ធផលរំពឹងទុក។ កម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) បាននិងកំពុងដំណើរការតាមផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី១ (២០២១-២០២៥) លើការងារកំណែទម្រង់មុខងារបុគ្គលិក និងការងារតាមដានត្រួតពិនិត្យនៃការអនុវត្តមុខងាររបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិជាបន្តទៀត និងសូមបញ្ជាក់ដែរថា ឆ្នាំ២០២៥នេះ ជាឆ្នាំចុងក្រោយនៃការអនុវត្តការងារសម្រាប់ ដំណាក់កាលទី១ផងដែរ។ តាមរយៈ ការកំណត់នូវសូចនាករនានា ដើម្បីដោះស្រាយបញ្ហាដែលជួបប្រទះនាពេលកន្លងមក កម្មវិធីជាតិដំណាក់កាលទី២នេះ តម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការទទួលខុសត្រូវឱ្យបានកាន់តែសកម្មបន្ថែមទៀតក្នុងការគ្រប់គ្រង ការចាត់ចែងនិងការអនុវត្តមុខងារដែលបានផ្ទេរប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយ លិខិតបទដ្ឋាន និងស្ដង់ដារ ដែល បានកំណត់ជាធរមាន ដើម្បីធានាដល់ការលើកកម្ពស់ ការដឹកនាំ ការគ្រប់គ្រង ការសម្របសម្រួល ការគាំទ្រ ដល់ការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងដំណាក់កាលស៊ីជម្រៅ ដោយកំណត់ អំពីតួនាទីភារកិច្ច និងរបៀបរបបការងារឱ្យបានជាក់លាក់ និងច្បាស់លាស់។ជាមួយគ្នាផងដែរនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដែលបានចាត់ទុកទិន្នន័យ គឺជាសសរស្តម្ភដ៏មានសារៈសំខាន់ក្នុងការចូលរួម ចំណែកយ៉ាងច្រើនសម្រាប់វិភាគស្ថានភាព តម្រូវការ រៀបចំប្រព័ន្ធផែនការ គោលនយោបាយ ដែលឆ្លើយតប នឹងការចង់បានរបស់ប្រជាជន។ មួយវិញទៀត ទិន្នន័យ គឺជាមូលដ្ឋានគ្រឹះនៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រង រដ្ឋបាលរបស់រាជរដ្ឋាភិបាលផងដែរ ក្នុងបរិការណ៍នៃការផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងតាមបែបមជ្ឈការ ទៅជាប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានតាមបែបវិមជ្ឈការរបស់រាជរដ្ឋាភិបាល ស្របទៅនឹងគោលបំណងដែលធ្វើឱ្យ (ទី១) អាជ្ញាធរមូលដ្ឋានមានម្ចាស់ការ គ្រប់គ្រង ដោះស្រាយរាល់ភារកិច្ចនៅមូលដ្ឋានបានឆាប់រហ័ស ទាន់ពេលវេលា និងចំទិសដៅ និងអាចប្រើប្រាស់អស់លទ្ធភាពនូវសក្តានុពលរបស់ខ្លួន និងដោយមានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល និងសហគមន៍ផ្តល់ជំនួយដើម្បីអភិវឌ្ឍមូលដ្ឋាន (ទី២) ចាក់គ្រឹៈលទ្ធិប្រជាធិបតេយ្យឱ្យដល់មូលដ្ឋាន និង (ទី៣) ធានានិរន្តរភាពនៃការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦






