លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ក្នុងពិធីបិទ”សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង”
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមានក្តីសោមនស្សរីករាយឥតឧបមា និងសូមសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង នាពេលនេះ។
នាងខ្ញុំសូមអនុញ្ញាតដើម្បីធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីកិច្ចដំណើរការ និងលទ្ធផល នៃសន្និបាតជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូលមេត្តាជ្រាប ដូចខាងក្រោម ៖អង្គសន្និបាត បានដំណើរការរយៈពេល ១ថ្ងៃកន្លះ គឺនៅថ្ងៃទី១៦ ម្សិលមិញដោយបាន ដំណើរការមួយថ្ងៃពេញ ចាប់ផ្តើមពីម៉ោង៨៖០០នាទីព្រឹក និងបានបញ្ចប់ការពិភាក្សានៅម៉ោង១៥៖៣០នាទីរសៀល។ ហើយព្រឹកនេះ អង្គសន្និបាតបាននឹងកំពុងប្រារព្ធពិធីបិទ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
-សមាសភាពដែលបានអញ្ជើញមកចូលរួមក្នុងសន្និបាតរួមមាន៖ ក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង-ស្រុក ប្រធាន-អនុប្រធាន មន្ទីរ អង្គភាព សាខាជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការចំណុះសាលាខេត្ត មេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ តំណាងសង្គមស៊ីវិល ក្រុមយុវជន និងវិស័យឯកជន ដែល មានអ្នកចូលរួមសរុបប្រមាណចំនួន ៣១៨ នាក់, ស្រី៤៨ នាក់។
-អង្គសន្និបាត បានដំណើរការយ៉ាងយកចិត្តទុកដាក់ តាមរបៀបវារៈ និងកម្មវិធីដូចខាងក្រោម៖ ក្រោយពីសុន្ទរកថាបើករបស់អភិបាលខេត្ត អង្គសន្និបាតបានស្តាប់ការផ្សព្វផ្សាយរបាយ ការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងការលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង និងបានផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ព្រមទាំង មានបទអន្តរាគមន៍ចំនួន០៣ដូចខាងក្រោម៖
បទអន្តរាគមន៍ទី១៖ អំពីការអនុវត្ត “គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយផ្តោតទៅលើគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ និងសោភណ្ឌភាពទីក្រុង
បទអន្តរាគមន៍ទី២ ÷ ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត និង
បទអន្តរាគមន៍ទី៣ ÷ «ការគ្រប់គ្រងនិងការអនុវត្តរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក»។
ពាក់ព័ន្ធទៅនឹងបទអន្តរាគមន៍ទាំងបីខាងលើ សមាជិកអង្គសន្និបាតបានចូលរួមជាមតិ យោបល់ល្អៗដោយផ្តោតសំខាន់ទៅលើបញ្ហាប្រឈម សំណើសំណូមពរនានា ដែលជាធាតុចូលដ៏មានសារសំខាន់សម្រាប់យកជាមូលដ្ឋានក្នុងការដាក់ចេញនូវទិសដៅការងារ ក្នុងឆ្នាំ ២០២៦ នេះ ដើម្បីធានាបាននូវការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្តកោះកុងឱ្យកាន់តែប្រសើរឡើង និងទទួលបានការអភិវឌ្ឍបន្ថែមទៀត។
អង្គសន្និបាតទាំងមូល បានសម្តែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ឋផលការងារ របស់រដ្ឋបាលខេត្តឆ្នាំ២០២៥ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹង ចំពោះទិសដៅការងារឆ្នាំ២០២៦ ដែលរដ្ឋបាលខេត្ត បានដាក់ចេញសម្រាប់អនុវត្តបន្ត និងបានវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារ សម្រេចបានលទ្ឋផលល្អប្រសើរ នាពេលកន្លងមក។ លទ្ឋផលសំខាន់ៗដែលអង្គសន្និបាតគាំទ្រគួរឱ្យកត់សម្គាល់រួមមាន៖ កិច្ចការសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅតាមទីប្រជុំជននិងតំបន់ទេសចរណ៍សំខាន់ៗ, កិច្ចការបម្រើសេវាសន្តិសុខនិងសេវាតម្រូវការចាំបាច់នានានៅមូលដ្ឋាន, ការងារទីក្រុងស្អាត អនាម័យ បរិស្ថាន, ការដោះស្រាយទំនាស់ដីធ្លី និងការចុះបញ្ជីដីធ្លីគ្រប់ប្រភេទទាំងដីរដ្ឋ និងឯកជន ការងារ អត្តសញ្ញាណកម្ម, កិច្ចការពន្ធនាគារ, ការលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តមន្ត្រីគ្រប់ជាន់ថ្នាក់, កិច្ចការទំនាក់ទំនងនិងសហប្រតិបត្តិការអន្តរជាតិ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការអនុវត្តការងារ គាំពារសង្គម, ការពង្រឹងរបៀបរបបនិងប្រសិទ្ធភាពការងារ និងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង។
ចំពោះបញ្ហាប្រឈមនានា ដែលបានរកឃើញនៅក្នុងកិច្ចពិភាក្សា អង្គសន្និបាតទាំងមូលបានប្តេជ្ញាចិត្ត ដោយរួមគ្នាជា កម្លាំងសរុប មធ្យោបាយសរុប និងការទទួលខុសត្រូវរួម ក្នុងការដោះស្រាយ បញ្ហាទាំងនោះ ដើម្បីធ្វើឱ្យខេត្តកោះកុងទាំងមូល មានសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍលើ គ្រប់វិស័យ។
អង្គសន្និបាតទាំងមូលបានប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអនុវត្តយ៉ាងសកម្ម នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រកបដោយគតិបណ្ឌិត និងប្រកបដោយ ថាមភាព។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានឆ្លៀតឱកាសអញ្ជើញ ជាគណៈអធិបតី និងជាភ្ញៀវកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង ដែលញ៉ាំងឱ្យពិធីនេះមានភាពអធិកអធម ក្រៃលែង។
នាងខ្ញុំ សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ គណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល សូមទទួលបាននូវសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ដើម្បីបានជាមូលដ្ឋានក្នុងការអនុវត្តការងារនាពេលខាងមុខឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត នាងខ្ញុំសូមគោរពអញ្ជើញ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី មេត្តាថ្លែងនូវប្រសាសន៍ និងផ្តាំផ្ញើដល់អង្គសន្និបាត សូមមេត្តាគោរពអញ្ជើញដ៏ខ្ពង់ខ្ពស់ !
ថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦



























































































































