/ / /

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថានាងខ្ញុំសូមជម្រាបជូនអង្គសន្និបាតទាំងមូលបានជ្រាបថា ការរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញលើការងារទាំងឡាយរបស់រដ្ឋបាលខេត្តដែលបាន អនុវត្តក្នុងឆ្នាំ២០២៥ និងដើម្បីប្រមូលធាតុចូលសំខាន់ៗទុកជាមូលដ្ឋានបន្ថែមក្នុងការដាក់ចេញនូវទិសដៅការងារ សម្រាប់យកទៅអនុវត្តក្នុងឆ្នាំ២០២៦នេះ ឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត។
ក្នុងដំណើរការសន្និបាតរបស់យើងនាពេលនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល មួយថ្ងៃកន្លះ គឺនៅថ្ងៃទី១៦នេះ យើងរៀបចំពេញមួយថ្ងៃតែម្តង និងសម្រាប់ថ្ងៃទី១៧ យើងនឹងរៀបចំតែមួយព្រឹក គឺពិធី «បិទសន្និបាតបូកសរុប លទ្ធការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង។
ខ្ញុំសូមទាញយកការចាប់អារម្មណ៍ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបានធ្វើឱ្យកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្រោមម្លប់នៃសុខសន្តិភាពនេះ បានអនុញ្ញាតឱ្យប្រទេសជាតិយើងមានលទ្ធភាពគ្រប់យ៉ាងដើម្បីជំរុញការ អភិវឌ្ឍលើគ្រប់វិស័យ និងបាននាំមកនូវការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាពីមុនធ្លាប់ត្រូវបានហែកហួរ ដោយសង្គ្រាមរ៉ាំរ៉ៃ ជាវាលពិឃាត ជាតំបន់អសន្តិសុខ និងពោរពេញដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យដែលមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយរឹងមាំ និងនីតិរដ្ឋ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ជាមួយនឹងសមិទ្ធផលដ៏ធំធេង ដែលសម្រេចបានក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល, រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំនើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា នៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ និង នៅឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

លទ្ធផលការងារដែលយើងសម្រេចបានកន្លងមក ពិតជាមិនអាចកាត់ផ្តាច់បាន ពីការខិតខំប្រឹងប្រែងរួម ចំណែកពីសំណាក់បងប្អូនជាមន្ត្រីរាជការ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់បានឡើយ ជាពិសេសថ្នាក់ដឹកនាំ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តរបស់យើង។
ខ្ញុំសូមលើកយកមកបញ្ជាក់ជូនលើបញ្ហាសំខាន់ៗដូចខាងក្រោម៖
អំពីការពង្រឹងរបៀបរបប និងប្រសិទ្ធភាពការងារ៖ ដោយអនុវត្តតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាច្បាប់សម្រាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ និងអនុក្រឹត្យ សេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលបានដាក់ចេញដោយរាជរ ដ្ឋាភិបាល និងក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់អនុវត្ត និងបានខិតខំពង្រឹងរបៀបរបប និងប្រសិទ្ធភាពការងារ ដោយបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានយ៉ាងទៀងទាត់ទៅតាមដីកាស្តីពីការ កំណត់ប្រតិទិននិងទីកន្លែងនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា កិច្ចប្រជុំគណៈកម្មាធិការនានារបស់ក្រុម ប្រឹក្សាខេត្ត កិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត កិច្ចប្រជុំគណៈអភិបាលខេត្ត និងកិច្ចប្រជុំនានា ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដោយបច្ចុប្បន្ននេះ ក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ក្រុង ស្រុក ក៏ដូចជាមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្ត បានអនុវត្តការងារប្រកបដោយជោគជ័យ និងមានស្មារតីទទួលខុសត្រូវ។ ផ្អែកតាមលទ្ធផលនេះ នាងខ្ញុំ ជឿជាក់ថា ប្រសិទ្ធភាពការងាររដ្ឋបាល នឹងកាន់តែល្អប្រសើរដោយយើង ទាំងអស់គ្នាត្រូវបន្តចូលរួមអនុវត្តឱ្យបានត្រឹមត្រូវទៅតាមតួនាទី ភារកិច្ច របស់អង្គភាពនីមួយៗ។
អំពីសាមគ្គីភាពផ្ទៃក្នុង៖ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើង មានសាមគ្គីគ្នាល្អ ប្រកាន់នូវអត្តចរិកថ្លៃថ្នូរ មានភាពជិតស្និទ្ធជាមួយប្រជាជន និងបានផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានមន្ត្រីរាជការមួយចំនួនតូចឆ្លៀតឱកាសប្រើប្រាស់មុខងារ តួនាទី ដើម្បីទាញយកផល ប្រយោជន៍ផ្ទាល់ខ្លួន។ ត្រង់ចំណុចនេះ នាងខ្ញុំសូមអំពាវនាវដល់មន្ត្រីគ្រប់រូប ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវក្រម សីលធម៌វិជ្ជាជីវៈ និងតួនាទី ភារកិច្ចរបស់ខ្លួនដោយត្រូវចាត់ទុកថាខ្លួនជាអ្នកបំរើប្រជាពលរដ្ឋ ហើយមិនត្រូវឆ្លៀត ឱកាសទាញយកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ គួររំលឹកថាចំពោះមន្ត្រីរាជការ គឺមានតែការគោរពវិន័យ ការ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ចំពោះតួនាទី ភារកិច្ច និងភាពថ្លៃថ្នូក្នុងវិជ្ជាជីវៈការងារ ប៉ុណ្ណោះ ទើបអាចបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារបានល្អប្រសើរ។
អំពីកិច្ចការទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ៖ ប្រទេសជាតិកំពុងរងការឈ្លានពាន និងការបំផ្លិចបំផ្លាញដោយសារជម្លោះប្រដាប់ ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការឈ្លាន អាវុធតាមព្រំដែនកម្ពុជា-ថៃ បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវសមត្ថភាពដ៏ប៉ិនប្រសប់និងភាពចាស់ទុំផ្នែក នយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំការបញ្ចប់វិបត្តិ ដោយប្រើប្រាស់គ្រប់យន្តការទាំងការទូតផ្លូវច្បាប់ និងកាតព្វកិច្ចការពារជាតិសំដៅធ្វើយ៉ាងណាមិនឱ្យផលប្រយោជន៍ជាតិត្រូវបានរំលោភបំពានឡើយ។ ជាមួយគ្នានេះ ស្មារតីស្នេហាជាតិនិងមហាសាមគ្គី នៃប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី បាននិងកំពុងរួបរួមគ្នាយ៉ាងរឹង មាំ ក្នុងការគាំទ្រដល់វីរកងទ័ពដែលកំពុងឈរជើងយ៉ាងអង់អាច ការពារទឹកដីនៅសមរភូមិមុខ។
រដ្ឋបាលខេត្ត បាននិងកំពុងបន្តពង្រឹងចំណងមិត្តភាពជាមួយខេត្តសម្ព័ន្ធមិត្ត នៃសាធារណរដ្ឋប្រជាមានិតចិន រួមមាន៖ ខេត្តជីលីន ខេត្តយូណាន ខេត្តសានស៊ី ខេត្តហឺប៉ី និងក្រុងជួយណាន សំដៅលើកស្ទួយអភិវឌ្ឍ សេដ្ឋកិច្ចខេត្តរបស់យើង។ ចំពោះការទំនាក់ទំនងជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋបាលខេត្ត បាននិងកំពុងបន្តកិច្ចសហការយ៉ាងជិតស្និត ជាមួយខេត្តកាម៉ៅ និងខេត្តអាហ្សាង ហើយនៅដើមខែកុម្ភៈ ខាងមុខនេះ ខ្ញុំនឹងដឹកនាំប្រតិភូខេត្តកោះកុង ទៅសម្តែងការគួរសម និងជូនពរខេត្តសម្ព័ន្ធមិត្តទាំងពីរនេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិវៀតណាម។

អង្គសន្និបាតទាំងមូល ! នៅពេលបន្តិចទៀតនេះ អង្គសន្និបាតនឹងបានស្តាប់នូវរបាយការណ៍សង្ខេប ស្តីពី «លទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងទិសដៅការងារឆ្នាំ២០២៦» ដែលនឹងត្រូវអានដោយ លោក នាយករដ្ឋបាលសាលាខេត្ត និង របាយការណ៍សង្ខេប អំពីការអនុវត្តគោលនយោបាយ” ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដែលនឹងអានដោយ លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។ សមិទ្ធផលដែលសម្រេចបានខាងលើនេះ ពិតជាបានមកដោយមានការចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ហើយក៏សូមសំដែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត វិស័យឯកជន និងអង្គការ សង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមគ្នាអនុវត្ត ការងារ សម្រេចបាននូវសមិទ្ធិផលខាងលើគួរជាទីមោទនៈបំផុត។
ផ្អែកតាមរបៀបវារៈនៃសន្និបាតបូកសរុបការងារនេះ យើងនឹងមានបទអន្តរាគមន៍ចំនួន០៣ គឺ ៖ បទអន្តរាគមន៍ទី១៖ ការអនុវត្ត” គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយផ្តោតទៅលើ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ និងសោភណ្ឌភាពទី ក្រុង ដែលនឹងឡើងធ្វើបទអន្តរាគមន៍ដោយ លោក ហាក់ ឡេង អភិបាលរងនៃគណៈអភិបាលខេត្ត។ ដូច្នេះនាងខ្ញុំ សូមសំណូមពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាទាំងអស់ សូមមេត្តាចូលរួមផ្តល់មតិ យោបល់ល្អៗដោយផ្តោតជាសំខាន់ទៅលើបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅដែលត្រូវអនុវត្តបន្តឱ្យបានល្អ ប្រសើរក្នុងឆ្នាំ២០២៦នេះ។
បទអន្តរាគមន៍ទី២៖ ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និង ទទួលបានជំនឿទុកចិត្ត ដែលនឹងឡើងធ្វើបទអន្តរាគមន៍ដោយ លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញ ចូលតែមួយសាលាខេត្ត។
បទអន្តរាគមន៍ទី៣៖ «ការគ្រប់គ្រង និងការអនុវត្តរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក» ដែលត្រូវ ឡើងធ្វើបទអន្តរាគមន៍ដោយ លោក ឈិត រតនៈ អភិបាលរងខេត្ត។ បទអន្តរាគមន៍នេះ គឺ ផ្តោតទៅលើគន្លឹះសំខាន់ៗ មួយចំនួនដូចជា៖ តើរដ្ឋបាលក្រុង ស្រុកកំពុងជួបប្រទះបញ្ហាប្រឈមជាគន្លឹះអ្វីខ្លះក្នុងការបំពេញការងារ តាមរចនា សម្ព័ន្ធ និងមុខងារនានាដែលផ្ទេរឱ្យនាពេលបច្ចុប្បន្ននេះ ?តើត្រូវមានវិធានការចាំបាច់អ្វីខ្លះដែលត្រូវអនុវត្តដើម្បីធានា ឱ្យរដ្ឋបាលក្រុង ស្រុកអាចបំពេញតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ?
នាងខ្ញុំសង្ឃឹមជឿជាក់ថា បញ្ហាប្រឈមទាំងឡាយដែលមានក្នុង ឆ្នាំ២០២៥ នឹងដោះស្រាយបានដោយ ជោគជ័យបន្ថែមទៀតក្នុងឆ្នាំ២០២៦នេះ តាមរយៈការចូលរួមមតិយោបល់ របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងឆ្នាំនេះ និងបណ្តាឆ្នាំខាងមុខបន្តទៀត។
ជាទីបញ្ចប់ នាងខ្ញុំសូមប្រសិទ្ធពរជ័យ ជូន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងអស់ សូមទទួលបាននូវ វិបុលសុខគ្រប់ប្រការ។ សូមឲ្យសន្និបាតរបស់យើងនាពេលនេះ ទទួលបានលទ្ធផលល្អប្រសើរ និង សូមប្រកាស បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត កោះកុង ចាប់ពីពេលនេះតទៅ។
ថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ ជាថវិកា អង្ករ និងឧបភោគបរិភោគមួយចំនួន ពីសមាគមធនាគារនៅកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈ ដើម្បីរៀបចំកម្មវិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«ផ្លូវបេតុង និងភ្លើងបំភ្លឺផ្លូវឆ្ពោះ ទៅកាន់វត្តចម្លង»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅវត្តគិរីសាគរ ហៅវត្តចម្លងគោ

  • ហេង គីមឆន/
    07/03/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់កញ្ចប់អាហាររ៉ម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤៣០ គ្រួសារ ដែលស្ថិតនៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    07/03/2026

    លោក ឈេង សុវណ្ណដា អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ(ទឹកដោះគោខាប់ និងទឹកសុទ្ធ) ជូនគណៈកម្មការវិហារទូទាំងខេត្តកោះកុង ក្នុងឱកាសខែរាម៉ាឌន នៅក្នុងវិហារឥស្លាមភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង