ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ១ គ្រួសារ ទទួលបានការយកចិត្តទុកដាក់ និងអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង
សាខា កក្រក កោះកុង៖ ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុងខេមរភូមមិន្ទ ដឹកនាំក្រុមការងារសង្កាត់ដងទង់ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ១គ្រួសារ ខូចខាតដោយអន្លើ និងសម្ភារមួយចំនួន ដែល មានម្ចាស់ផ្ទះឈ្មោះ ឈឿន សុភាព អាយុ៥១ឆ្នាំ ភេទស្រី អាយុ ៥១ ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មូលហេតុឆេះ ៖ ឆ្លងចរន្តអគ្គិសនី ។
មានប្រសាសន៍នាឱកាសនោះក្រុមការងារ បាននាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា នាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូន បងប្អូន ប្រជាពលរដ្ឋ រងគ្រោះដោយក្តីនឹករឭកអាណិតអាសូរ និងសូមចូលរួមរំលែកនូវការសោកស្តាយ ជាមួយបងប្អូនដែលបានទទួលរងគ្រោះខូចខាតនូវទ្រព្យសម្បត្តិ និង ផ្ទះសម្បែងដោយសារគ្រោះអគ្គិភ័យនេះ។ គួរបញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផលនេសាទ និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល។
អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គក្រ មី១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស តង់១ មុង១ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរព្រមទាំងថវិកា៤០ម៉ឺនរៀល ផងដែរ៕



