លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានដឹកនាំមន្រ្ដីពាក់ព័ន្ធក្រោមឱវាទចូលរួមអមដំណើរ ឯកឧត្ដមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការព័ត៌មាន និងលោក ស៊្រន សៀវប៉ាវ មន្រ្ដីជំនួយការ បានអញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព ចំនួន០៣ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗដូចជា៖
១. ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុងនិងជុំវិញមណ្ឌលសុខភាព និងអនាម័យ
២. ធនធានមនុស្សសុខាភិបាល
៣. ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងការថែទាំសម្ភារៈបរិក្ខារពេទ្យ
៤. ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍
៥. ការលើកកម្ពស់គុណភាពសុវត្ថិភាពអ្នកជំងឺ សេវាបញ្ជូនអ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនង
៦. សកម្មភាពផ្តល់សេវានិង ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវាថែទាំដល់អ្នកជំងឺ
៧.ជំរុញមណ្ឌលសុខភាពអោយមានវិវត្តន៍ពីល្អមធ្យម ទៅល្អបង្គួរ និងឈានទៅល្អប្រសើរ
៨.ស្វែងយល់ការងារប្រឈម និងព័ត៌មានត្រឡប់របស់មន្ត្រីសុខាភិបាលមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ និងឯកឧត្ដមអនុរដ្ឋលេខាធិការក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនដល់មន្ត្រី បុគ្គលិក ទាំងអស់ ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់បន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារ និងការបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
គួរបញ្ជាក់ដែរថាមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាពដែលបានត្រួតពិនិត្យមានដូចជា៖
១. មណ្ឌលសុខភាពគិរីសាគរ
២. មណ្ឌលសុខភាពកោះកាពិ
៣. ប៉ុស្ដិ៍សុខភាពភ្ញីមាស
ស្ថិតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ នៃមន្ទីរសុខាភិបាលខេត្តកោះកុង៕
ថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥
December 3, 2025











