កាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ដ៏មានសារៈសំខាន់មួយ ដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោលផ្នែកសង្គ្រោះបឋម ក្នុងគោលដៅធានាថាជំនាញដ៏ចាំបាច់នេះ នឹងបានជួយទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប នៅទូទាំង ២៥ ខេត្ត-រាជធានី ។
ពិធីបើកវគ្គបំប៉នគ្រូបង្គោលសង្គ្រោះបឋម រួមជាមួយកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៦ នេះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ទៅ មុឹង លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងជាប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង រួមជាមួយ លោកជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា ព្រមទាំងសិក្ខាកាមអញ្ជើញមកពី២៥ខេត្តរាជធានីដែលមានសិក្ខាកាមចំនួន ៥៧នាក់ ស្រី២១នាក់ ។
អ្វីដែលធ្វើឱ្យវគ្គបំប៉នលើកនេះ មានលក្ខណៈពិសេស និងសំខាន់បំផុត គឺការចូលរួមរបស់សិក្ខាកាមដែលជាតំណាងមកពីសាខាកាកបាទក្រហមកម្ពុជាទូទាំង ២៥ ខេត្ត-រាជធានី ការប្រមូលផ្តុំអ្នកជំនាញពីគ្រប់ទិសទីនេះ គឺជាសញ្ញាណមួយបង្ហាញពីការពង្រឹងសមត្ថភាពមនុស្សធម៌យ៉ាងទូលំទូលាយ។
ថ្លែងក្នុងពិធីបើកវគ្គ ឯកឧត្តមវេជ្ជបណ្ឌិត ទៅ មុឹង បាននាំនូវប្រសាសន៍ឯកឧត្តម យន្ត មីន ប្រធានកិត្តិយសសាខា លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា បានគូសបញ្ជាក់យ៉ាងច្បាស់អំពីចក្ខុវិស័យដ៏ធំធេងនៃកម្មវិធីនេះ៖ដោយលើឡើងថា
“វគ្គនេះសំខាន់ណាស់! ព្រោះថាមានវត្តមានសិក្ខាកាមអញ្ជើញចូលរួមទាំង ២៥ ខេត្ត-រាជធានី ដូចនេះគឺអាចជួយពលរដ្ឋបានដល់ ១៧លាននាក់នៅទូទាំងប្រទេស។
តាមរយៈប្រសាសន៍នេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា គ្រូបង្គោលដែលបានទទួលការបំប៉ននាពេលនេះ នឹងក្លាយជាអ្នកនាំសារ និងអ្នកបណ្តុះបណ្តាលបន្តដ៏សំខាន់ ក្នុងការផ្សព្វផ្សាយជំនាញសង្គ្រោះបឋមទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរៀងៗខ្លួន។
លោកជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា ក៏បានបញ្ជាក់ផងដែរថា
វិជ្ជាសង្គ្រោះបឋម គឺជាជំនាញគន្លឹះដែលជួយសង្គ្រោះជីវិតមនុស្សភ្លាមៗ មុនពេលមានអន្តរាគមន៍ពីក្រុមគ្រូពេទ្យជំនាញ។ តាមរយៈវគ្គបំប៉ននេះ គ្រូបង្គោលនឹងទទួលបានចំណេះដឹង និងបច្ចេកទេសថ្មីៗ បន្ថែមលើមូលដ្ឋានគ្រឹះដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត និងយុវជន ក.ក្រ.ក ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ គ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗនៅតាមសហគមន៍។
កាកបាទក្រហមកម្ពុជា រំពឹងយ៉ាងមុតមាំថា ការបណ្តុះបណ្តាលដ៏ទូលំទូលាយនេះ គឺជាការវិនិយោគដ៏សំខាន់ទៅលើធនធានមនុស្ស ដើម្បីកាត់បន្ថយអត្រាមរណភាព និងគ្រោះថ្នាក់ដែលបណ្តាលមកពីកង្វះការជួយសង្គ្រោះបឋមទាន់ពេលវេលា ទូទាំងព្រះរាជាណាចក្រកម្ពុជា។














































