កិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែនិង ទិសដៅខែបន្តរបស់មន្ទីរព័ត៌មានខេត្តកោះកុង ។
ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំលោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីជាថ្នាក់ដឹកនាំការិយាល័យទាំងអស់ និងមន្ត្រីរាជការក្រោមឱវាទ កិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរ។
ថ្លែងក្នុងកិច្ចប្រជុំ លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានកោតសរសើរពីកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ ការិយាល័យជំនាញទាំង៥ និងមន្រ្តីរាជការដែលយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចការងារស្នូលសំខាន់ៗរបស់ខ្លួនរហូតដល់បានសម្រេចលទ្ធផលគួរឱ្យកត់សម្គាល់។
លោកប្រធានមន្ទីរព័ត៌មាន ក៏បានជំរុញដល់មន្រ្តីរាជការក្រោមឱវាទទាំងអស់ពន្លឿនការធ្វើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំឱ្យបានឆាប់រហ័ស ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបការងារក្រោមវត្តមានថ្នាក់ដឹកនាំក្រសួងអញ្ជើញជាអធិបតីភាពនៅពាក់កណ្តាលខែធ្នូនេះ។
ក្នុងកាលៈទេសៈដែលទទួលបានផ្លែផ្កានៃការអនុវត្តការងារ ក៏លោក មុំ ម៉ាលិកា បំផុសស្មារតីដល់មន្រ្តីរាជការទាំងអស់បន្តយកចិត្តទុកដាក់បំពេញការងារប្រកបដោយការទទួលខុសត្រូវទៅតាមជំនាញការិយាល័យរៀងៗខ្លួនបន្ថែម ឆ្លើយតបនឹងផែនការរបស់ក្រសួងដែលបានដាក់ចេញ។ ករណីមានបញ្ហាប្រឈមណាមួយ ត្រូវធ្វើសំណើមកកាន់លោក ដើម្បីពិនិត្យ និងសម្រេចផ្តល់គោលការណ៍បន្ត ចៀសវាងការខ្វះចន្លោះប្រហោងអនុវត្តការងារស្នូល៕












