លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្ត្រីបច្ចេកទេស ២រូប សហការជាមួយរដ្ឋបាលស្រុកមណ្ឌលសីមា រៀបចំបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ស្ដីពី ដំណើរការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក (CDB) ក្រោមអធិបតីភាព លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានការិយាល័យគាំទ្រឃុំ មេឃុំ ស្មៀនឃុំ មេភូមិ និងអនុភូមិ សរុប ២៦រូប ស្រី ០៦រូប នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ១.គាំទ្របច្ចេកទេសដល់ក្រុមការងារពាក់ព័ន្ធអ្នកសម្របសម្រួលក្រុងស្រុក និងក្រុមការងារឃុំសង្កាត់ ២.ពង្រឹងប្រសិទ្ធភាព និងជម្រុញការធ្វើបច្ចុប្បន្នភាពទិន្នន័យ ឱ្យបានទាន់ពេលវេលា ៣.ដើម្បីធានាឱ្យមានសង្គតិភាពទិន្នន័យប្រកបដោយគុណភាព ប្រសិទ្ធភាព និងបរិយាបន្ន ក្នុងការកត់ត្រាទិន្នន័យមូលដ្ឋានភូមិ ឃុំសង្កាត់ និងក្រុងស្រុក សម្រាប់ផលិតឯកសារព័ត៍មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ឃុំសង្កាត់ ក្រុងស្រុក និងខេត្ត និងឯកសារព័ត៌មានពិន្ទុតាមវិស័យ ក្រុងស្រុក និងខេត្ត ដែលជាឧបករណ៍សម្រាប់បម្រើឱ្យការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រោមជាតិ និងចងក្រងនូវទិន្នន័យសំខាន់ៗមួយចំនួនទៀតសម្រាប់ប្រើប្រាស់តាមការចាំបាច់ផ្សេងៗ។
នារសៀលថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥





