លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាផ្សព្វផ្សាយស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាដោយ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាកិច្ចការចាំបាច់ ឆ្ពោះទៅកាន់ការគ្រប់គ្រងមុខងារសាធារណៈផ្អែកលើសមិទ្ធកម្ម។ យោងតាមប្រសាសន៍ក្នុងពិធីបើក ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ជូនសិក្ខាកាមថា “ការជ្រើសរើសមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាយន្ដការពិសេសថ្មីមួយរបស់រដ្ឋាភិបាល ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស និងដោះស្រាយបញ្ហាប្រឈមដែលមានក្នុងប្រព័ន្ធមុខងារសាធារណៈបែបអាជីពនាពេលបច្ចុប្បន្នដូចជា បញ្ហាលើស ប៉ុន្តែខ្វះមន្រ្តី កង្វះមន្រ្តីមានជំនាញពិតប្រាកដ ការអភិវឌ្ឍនសមត្ថភាពមន្រ្តី ឱ្យស្របតាមការវិវត្តនៃសង្គម។ ការអនុវត្តបែបនេះ គឺជាកិច្ចការចាំបាច់ ដើម្បីគាំទ្រដល់ដំណើរការនៃការកែទម្រង់ឆ្ពោះទៅកាន់ការគ្រប់គ្រងមុខងារសាធារណៈផ្អែកលើសមិទ្ធកម្ម”
“យន្ដការថ្មីនេះ គឺជារបៀបនៃការគ្រប់គ្រងធនធានមនុស្សបែបប្រព័ន្ធនិយោជន៍ ដែលជារបៀបនៃការអនុវត្ត យ៉ាងទូលំទូលាយ ក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ នាពេលបច្ចុប្បន្ន។ ការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដំណាក់កាលនេះ គឺជាការផ្លាស់ប្ដូរដែលមានទ្រង់ទ្រាយធំ និងមុតស្រួច ដែលមិនត្រឹមតែការកសាងលិខិតបទដ្ឋានគតិយុត្ត និងជំរុញឱ្យមានការផ្លាស់ប្ដូរតែប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរផ្នត់គំនិត ការបញ្ជ្រាបទស្សនាទាន និងការបង្កើនចំណេះដឹង ដល់មន្រ្តីរាជការ ក៏ដូចជាប្រជាជនខ្មែរ ដើម្បីបង្កើនការគាំទ្រ ការចូលរួម និងជំនឿទុកចិត្ត លើការដឹកនាំរបស់រដ្ឋាភិបាល។”
សូមគោរពជម្រាបជូនថា សិក្ខាសាលាពេញមួយថ្ងៃនេះ មានការរៀបចំបទបង្ហាញចំនួន៣ រួមមាន៖
១.ទស្សនាទានគោលនយោបាយក្នុងការកែទម្រង់មុខងារសាធារណៈ
២. ការជ្រើសរើស និងការគ្រប់គ្រងផ្អែកលើកិច្ចព្រមព្រៀងការងារ
៣. ការបំពេញការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ។
ថ្ងៃអង្គារ ៧កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥







