លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះនាងខ្ញុំពិតមានសេចក្តីរីករាយក្រៃលែង ដោយទទួលស្វាគមន៍គណៈប្រតិភូ នៃ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ «បិទកិច្ចសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាល ខេត្តកោះកុង» នាពេលនេះ។
នាងខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ប្រធានប្រតិភូ និងប្រតិភូទាំងអស់ នៃអគ្គសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ដែលបានអញ្ជើញមក បំពេញបេសកកម្ម នៅក្នុងទឹកដីខេត្តកោះកុង ហើយតាមរយៈការបំពេញបេសកកម្មនេះ នាងខ្ញុំជឿជាក់ថា ឯកឧត្តម និងប្រតិភូ ពិតជាបានរកឃើញនូវចំណុចវិជ្ជមាន និងចំណុចខ្វះខាតមួយចំនួន នៅក្នុងការបំពេញ តួនាទី ភារកិច្ច ក៏ដូចការបំពេញឯកសារគតិយុត្តិនានាពាក់ព័ន្ធ នឹងកិច្ចបញ្ជីកា ហិរញ្ញវត្ថុនានា របស់ទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តកោះកុងយើងខ្ញុំ។ នាងខ្ញុំ ក្នុងនាមអាណាប័ករបស់ក្រុមប្រឹក្សា និងសហការី រងចាំទទួលស្តាប់ នូវលទ្ធផល ដែលអគ្គសវនកម្ម បានរកឃើញ ហើយត្រៀមលក្ខណៈ ក្នុងការបំភ្លឺជូន នូវចំណុចនានា ដែលពាក់ព័ន្ធ ព្រមទាំងរងចាំទទួលអនុសាសន៍ របស់សវនកម្ម ដើម្បីកែលម្អចំណុចខ្វះខាត និងធានាឱ្យការអនុវត្តនាពេល ខាងមុខ មានលក្ខណ:ត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់ជាធរមាន។
ជាបន្តនេះ នាងខ្ញុំសូមអញ្ជើញឯកឧត្តម ប្រធានប្រតិភូ ឬតំណាងអញ្ជើញអាន ជូននូវ របាយការណ៍សវនកម្ម សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ដែលបាន រកឃើញ នៅអំឡុងពេលចុះបំពេញបេសកម្ម នៅរដ្ឋបាលខេត្តកោះកុងយើងខ្ញុំ។
ថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥


















































