កម្មវិធីលើកកម្ពស់កែច្នៃធនធានក្នុងស្រុក ក្រោមគម្រោងបង្កើតរោងចក្រទឹកបរិសុទ្ធ ដោយក្រុមអ្នកជំនាញផ្នែកកែច្នៃទឹកស្អាតមកពីសិង្ហបុរី កំពុងសិក្សាបច្ចេកវិទ្យាជួយពលរដ្ឋខេត្តកោះកុង ឱ្យមានទឹកបរិសុទ្ធ សម្រាប់ប្រើប្រាស់ស្របតាមស្តង់ដារអន្តរជាតិ។
(កោះកុង)៖ ក្រុមហ៊ុន Liquinex មកពីប្រទេសសិង្ហបុរី ក្រោមកិច្ចសម្របសម្រួលដោយគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសហការជាមួយរដ្ឋបាលខេត្តកោះកុង លើការអភិវឌ្ឍន៍ទឹកបរិសុទ្ធ និងបានប្តេជ្ញាចិត្ត ក្នុងការផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ទំនើប ស្របតាមស្តង់ដារពិភពលោក ដើម្បីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព ព្រមទាំងបានធ្វើបទបង្ហាញពីបច្ចេកទេសបនសុទ្ធទឹកតាមប្រព័ន្ធទំនើប របស់ក្រុមហ៊ុន បារាយ៍ គ្លូប៊ល ម៉ានេមិន និងដៃគូវិនិយោគរបស់ក្រុមហ៊ុនផងដែរ ដើម្បីផ្ដល់នូវទឹកស្អាតប្រកបដោយស្តង់ដារ ជូនដល់ពលរដ្ឋប្រើប្រាស់ បម្រើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងខេត្តកោះកុង។
ជំនួបជាមួយប្រធានក្រុមហ៊ុន នៅថ្ងៃទី២២ខែតុលា ឆ្នាំ២០២៥ អភិបាលរងខេត្តកោះកុង លោក អន សុធារិទ្ធិបានបញ្ជាក់ថា កម្ពុជាមានប្រភពទឹកយ៉ាងច្រើន ហើយទឹកគឺជារឿងសំខាន់ណាស់ និងជាអាទិភាពទី៣ ក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាលនីតិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ពោរពេញដោយថាមពល និងចក្ខុវិស័យដ៏ត្រឹមត្រូវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានការប្ដេជ្ញាចិត្តទាក់ទងជាមួយការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនេះ។
លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមនិងលើកទឹកចិត្ត ដល់ក្រុមហ៊ុនជំរុញធ្វើយ៉ាងណាផលិតនិងកែច្នៃទឹកឱ្យមានគុណភាព និងប្រកបដោយស្តង់ដារខ្ពស់ ក្នុងន័យជម្រុញភាពប្រកួតប្រជែង ឱ្យផលិតផលទឹកស្អាតជាចំណែកមួយតំណាងខេត្តផងដែរ ។ ជាចុងក្រោយលោកអភិបាលរង ក៏បានថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះដៃគូរក្រុមហ៊ុន ក្រុមការងារគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផល ដែលបានអញ្ជើញចូលរួម និងស្វែងយល់ពីឱកាសវិនិយោគនៅក្នុងខេត្តកោះកុងនេះប្រកបដោយភាពរីករាយកក់ក្តៅ។
ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥




























