លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង និងលោក ឌិន លីហេង អនុប្រធានការិយាល័យ បានចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី វិធីសាស្ត្រសម្ភាសន៍ និងស្រង់ទិន្នន័យ ដោយប្រើប្រាស់ CAPI សម្រាប់អង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ដល់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ក្រោមអធិបតីភាព ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងផែនការ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម រិន វីរៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនិងថ្នាក់ដឹកនាំវិទ្យាស្ថានជាតិស្ថិតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធេជន យុវនីតិសម្បទា និងដៃគូពាក់ព័ន្ធ ជាពិសេស អង្គការអន្តរជាតិខាងការងារ (ILO) អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ធនាគារពិភពលោក (WB) ដែលបានចូលរួមចំណែករៀបចំ និងផ្តល់ធាតុចូលបន្ថែមសម្រាប់កម្រងសំណួរអង្កេតកំលាំងពលកម្មកម្ពុជាឆ្នាំ២០២៥ នេះ។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា អង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥ នឹងផ្ដល់នូវទិន្នន័យស្ថិតិសូចនាករចម្បងៗមួយចំនួន អំពីស្ថានភាពមានការងារធ្វើ គ្មានការងារធ្វើ ទេសន្តរប្រវេសន៍ និងជំនាញដែលស្ថិតក្នុងកម្លាំងពលកម្មរបស់ប្រជាជនកម្ពុជា និងគ្របដណ្ដប់ការងារទៅលើវិស័យជាច្រើនមានដូចជាវិស័យកសិកម្ម អប់រំនិងជំនាញ វិស័យសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ សេវាកម្ម កមន្តសាល ឧស្សាហកម្ម វិស័យផ្សេងៗទៀត ។ល។ ទិន្នន័យស្ថិតិទាំងនេះមានសារៈសំខាន់សម្រាប់វាស់វែង តាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១(PS1) ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDGs) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) ។ ឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលមន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍ នៃអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥ មានសារសំខាន់ខ្លាំងណាស់ ដែលជាកត្តាជាក់លាក់កំណត់នូវភាពជោគជ័យ កំណត់នូវគុណភាពទិន្នន័យ។ ការណ៍នេះ ត្រូវការការចូលរួម យកចិត្តទុកដាក់ឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត ស្មារតីឆន្ទៈមោះមុតបំពេញការងាររបស់លោក លោកស្រីជាមន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍ក្នុងពេលចុះអនុវត្តតាមគ្រួសារនៅតាមភូមិគំរូនីមួយៗ ដើម្បីសម្ភាសន៍ និងកត់ត្រាទិន្នន័យទៅតាមបទដ្ឋានបច្ចេកទេស CAPI និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ឱ្យមានភាពជាក់លាក់ ច្បាស់លាស់ មានគុណភាព និងអាចជឿជាក់បានដើម្បីឈានទៅទទួលបានទិន្នន័យអង្កេតមានគុណភាពខ្ពស់ប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា សម្រាប់តម្រូវការប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា តាមរយៈកម្មវិធីវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមមានក្តីសង្ឈឹមយ៉ាងមុតមាំថា សិក្ខាកាមជាមន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាន៍ដែលចូលរួមបណ្តុះបណ្តាលនៅក្នុងវគ្គនេះ នឹងទទួលបានការយល់ដឹងស៊ីជម្រៅទាំងអត្ថន័យ ខ្លឹមសារនៃកម្រងសំណួរ និងការអនុវត្តសម្ភាសសាកល្បងឱ្យមានភាពថ្នឹកក្នុប្រព័ន្ធ CAPI ដើម្បីបង្កើនសមត្ថភាពឈានទៅសម្រេចបានលទ្ធផលទិន្នន័យនៃអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥ មានគុណភាព និងមានទំនុកចិត្តខ្ពស់ពីអ្នកប្រើបា្រស់។
ថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥










