លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំវាយតម្លៃលើរបាយការណ៍ផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញរបស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដុតដោយឧស្ម័នធម្មជាតិអនុភាព ៩០០មេកាវ៉ាត់ នៅទីស្ដីការក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំដោយឯកឧត្តមហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លទ្ធផលនៃកិច្ចប្រជុំមានដូចខាងក្រោម ÷
១-គាំទ្រលើគម្រោងវិនិយោគថាមពលអគ្គិសនី
២-កែសម្រួលពាក្យពេចន៍ឃ្លងឃ្លាប្រយោគបញ្ហាកម្ដៅបំពង់បង្ហូរចូលសមុទ្រ ដោយធ្វើយ៉ាងណាឱ្យកម្តៅទាបជាង ៤៥អង្សាសេ ទាំងរដូវប្រាំង និងរដូវវស្សា។
៣-រៀបចំឱ្យមានសួនលំហែបៃតងនៅលើទីតាំងគម្រោងយ៉ាងតិច ៣០%។
៤-រាល់លិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងនានាដែលពាក់ព័ន្ធ និងគម្រោងនេះត្រូវភ្ជាប់មកជាមួយរបាយការណ៍។
៥-រាល់សំណើ និងសំណូមពររបស់អង្គប្រជុំដូចជាការគ្រប់គ្រងសំណល់រឹង និងសំណល់គ្រោះថ្នាក់ត្រូវសហការឱ្យបានល្អ។
ថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥









