លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ លោក អ៊ុក ណាវ៉ាន់ អគ្គនាយករងក្រសួងបរិស្ថាន និងជានាយកគម្រោង ក្នុងសិក្ខាសាលាតម្រង់ទិសលើការអនុវត្តផែនការកសាងសមត្ថភាព និងការបញ្ជ្រាប សកម្មភាពគម្រោងទៅនឹងផែនការវិនិយោគឃុំ-សង្កាត់ ក្នុងខេត្តកោះកុង។
លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងជាតំណាងឱ្យ លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត ខ្ញុំមានសេចក្តីរីករាយដែលបានចូលរួមជាគណៈអធិបតី ជាមួយ លោក អ៊ុក ណាវ៉ាន់ អគ្គនាយករងក្រសួងបរិស្ថាន និងជានាយកគម្រោង ក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពីការអនុវត្តគម្រោងផែនការកសាងសមត្ថភាព និងការបញ្ជ្រាបសមត្ថភាពគម្រោងទៅក្នុងផែនការវិនិយោគឃុំ-សង្កាត់ នៅខេត្តកោះកុង នាថ្ងៃនេះ។
ខ្ញុំសូមស្វាគមន៍យ៉ាងកកក្តៅចំពោះ លោកអគ្គនាយករង និងប្រតិភូអមដំណើរ ព្រមទាំងលោក លោកស្រីសិក្ខាកាមទាំងអស់ ដែលបានអញ្ជើញចូលរួមសិក្ខាសាលា ដែលរៀបចំដោយក្រសួងបរិស្ថាន គឺក្នុងគោលបំណងជំរុញ និងពង្រឹងសមត្ថភាពមន្ត្រី ទទួលបន្ទុកអនុវត្តគម្រោង ជាពិសេសការអភិវឌ្ឍន៍មូលធនមនុស្ស ស្របនឹងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់រារដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងន័យនេះ ខ្ញុំក៏សូមយកឱកាសនេះផងដែរ ដើម្បីលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់នូវគន្លឹះសំខាន់ៗដែលទាក់ទងទៅនឹងការអនុវត្តគម្រោងផែនការកសាងសមត្ថភាព និងការបញ្ញាបសមត្ថភាពគម្រោងទៅ ក្នុងផែនការវិនិយោគឃុំ-សង្កាត់ ដែលនឹងត្រូវបានគ្រូឧទ្ទេសលើកយកមកបង្ហាញ និងបង្រៀនដល់សិក្ខាកាមទាំងអស់នៅពេលបន្តិចទៀតនេះ។ ខ្ញុំសង្ឃឹម និងជឿជាក់ថា លោក លោកស្រី សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងបន្ថែម និងបទពិសោធន៍ថ្មីៗ ដើម្បីជាទុន និងជាធាតុចូលដ៏សំខាន់បំផុតសម្រាប់បន្តអនុវត្តគម្រោងពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព ជូនអង្គភាពជាក់ជាមិនខាន។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលតែងតែគិតគូរ និងគាំទ្រជានិច្ច ទាំងផ្នែកគោលនយោបាយ និងបច្ចេកទេស ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសបានផ្តល់ឱ្យមានការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់ នៅក្នុងទឹកដីខេត្តកោះកុង នាពេលនេះ។ នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំទ្រ និងការពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តគម្រោងផ្ទាល់ឱ្យមានជំនាញ និងចំណេះដឹង ច្បាស់លាស់ស្របតាមបរិបទសង្គមនាពេលបច្ចុប្បន្ន៕
ថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥
















