លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្តចូលរួមដំណើរទស្សនកិច្ចសិក្សា ស្តីពីយន្តការគ្រប់គ្រងស្ថានីយចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម សំណល់រឹង នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ADB ។
ដំណើរទស្សនកិច្ចសិក្សានេះ មានការចូលរួមពីខេត្តតំបន់សមុទ្រ ចំនួន ៣ គឺ ខេត្តកោះកុង ខេត្តកែប និងខេត្តព្រះសីហនុ និងមានរយៈពេល២ថ្ងៃ ដោយថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចុះពិនិត្យទីតាំង និងស្តាប់បទបង្ហាញ ដកស្រង់បទពិសោធន៍ ស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងនៅថ្ងៃទី២៦ នឹងចុះពិនិត្យទីលានទុកដាក់សំរាម សំណល់រឹង របស់ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលគម្រោងទាំងពីរនេះស្ថិតក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ។ សូមបញ្ជាក់ថា ខេត្តសមុទ្រទាំង៤ មានតែខេត្តកោះកុង មិនទាន់មានគម្រោងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងគម្រោងទីលានទុកដាក់សំរាម សំណល់រឹងស្តង់ដារ នោះទេ ក្នុងនោះលោក អន សុធារិទ្ធ អភិបាលរងខេត្ត ក៏បានស្នើសូមធនាគារអភិវឌ្ឍន៍អាស៊ី ADB និងក្រសួងទេសចរណ៍ ជួយគាំទ្រគម្រោងទាំងពីរ ព្រោះខេត្តកោះកុង កំពុងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជាខេត្តគោលដៅអេកូទេសចរណ៍ដ៏សំខាន់ផងដែរ។



















