លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញស្វាគមន៍ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះផ្ទៀងផ្ទាត់ODFខេត្តកោះកុង ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ODF ខេត្តកោះកុង
លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកោះកុង ខ្ញុំក៏សូមយកឱកាសនេះជម្រាបជូនដោយសង្ខេបអំពីភូមិស្តាស្ត្រ និងប្រជាសាស្ត្រនៃខេត្តកោះកុង ជូនគណៈអធិបតី និងអង្គពិធីបានជ្រាបដូច តទៅនេះ៖ ខេត្តកោះកុង ជាខេត្តមួយស្ថិតនៅទិសនិរតី នៃព្រះរាជាណាចក្រកម្ពុជា ចម្ងាយ ២៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ ខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រថៃនិងប្រទេសថៃ ខាងជើងជាប់នឹង ខេត្តពោធិ៍សាត់ មានផ្ទៃដីសរុបចំនួន ១០.០៤៥,៥៨ គីឡូម៉ែត្រការ៉េ មានក្រុង១ សង្កាត់៣ ស្រុក៦ ឃុំ២៦ និងមានភូមិ សរុប១១៩ភូមិ។ មានប្រជាជនរស់នៅចំនួន ៣៦.៦០៨គ្រួសារ ស្មើនឹង១៥៦.១០៧នាក់ ស្ត្រី៧៨.៧២២នាក់។ សរុប១១៩ភូមិ។ មានប្រជាជនរស់នៅចំនួន ៣៦.៦០៨គ្រួសារ ស្មើនឹង១៥៦.១០៧នាក់ (ដប់ប្រាំម៉ឺន ប្រាំមួយពាន់មួយរយប្រាំពីរនាក់) ស្ត្រី៧៨.៧២២នាក់ (ប្រាំពីរម៉ឺន ប្រាំបី ពាន់ ប្រាំពីររយម្ភៃពីរនាក់)។
ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតភាពវៃឆ្លាត គុណធម៌ និងទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេច បានកែប្រែប្រទេសកម្ពុជាទៅជារដ្ឋមានអធិបតេយ្យភាពពេញលេញ មានសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ មានភាពសុខដុមរមនា មានការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ហើយប្រជាជនរស់ក្រោមម្លប់សន្តិភាព។
សម្រាប់អាណត្តិថ្មីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំអនុវត្ត ថែរក្សាមរតកសន្តិភាព និងសន្តិសុខដ៏ថ្លៃថ្លានេះ ឱ្យបានគង់វង្សជានិរន្ត។ លើសពីនេះ សម្តេចធិបតី បានធ្វើឱ្យព្រះរាជាណាចក្រ កម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះខេត្តកោះកុងដោយមានការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ក៏ដូចជាមានការចូលរួមមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អង្គការ សមាគម អ្នកវិនិយោគិនទាំងក្នុង និងក្រៅប្រទេស និងប្រជាពលរដ្ឋមូលដ្ឋាន បានធ្វើឱ្យខេត្តកោះកុង មានការអភិវឌ្ឍរីកចម្រើនគួជាទីមោទនៈផងដែរ។
ខ្ញុំសូមជម្រាបជូនថាការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងខេត្តកោះកុង មានការរីកចម្រើនជាបន្តបន្ទាប់ និងសម្រេចបានជោគជ័យតាមផែនការកំណត់ គឺ អាស្រ័យដោយស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការវិវត្ត ការផ្លាស់ប្តូរផ្នត់ គំនិតជាវិជ្ជមាន និងទម្លាប់ល្អក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងនៅ ទីជនបទ។ ផ្អែកលើទិន្នន័យបច្ចុប្បន្នភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបង្ហាញថា ៖ ខ្នងផ្ទះសរុប មានចំនួន ២៩,៣៣៣ខ្នងផ្ទះ ស្មើ ១០០% ខ្នងផ្ទះមានបង្គន់ផ្ទាល់ខ្លួន មានចំនួន ២៧,៨៨៧ខ្នងផ្ទះ ស្មើនឹង ៩៥,០៧% ខ្នងប្រើប្រាស់បង្គន់រួម មានចំនួន ១,៤៤៦ខ្នងផ្ទះ ស្មើនឹង ០៤.៩៣% គ្រប់អង្គភាពផ្តល់សេវាក្នុងខេត្ត មានបង្គន់អនាម័យដំណើរការ មានទឹក និង មានសាប៊ូលាងដៃ ១០០%។
ស្ថានភាពអនាម័យបរិស្ថាននៅសហគមន៍ក្នុងខេត្តមានលក្ខណៈល្អប្រសើរ។
ជាការពិតណាស់ ភាពជោគជ័យដ៏ប្រសើរនេះ គឺបានមកពីមានការយកចិត្តទុកដាក់ ចង្អុលបង្ហាញណែនាំគាំទ្រពី ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក្រសួងអភិវឌ្ឍន៍ជនបទ និងបានគាំទ្រក្នុងការអភិវឌ្ឍលើវិស័យ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការលើកកម្ពស់សេដ្ឋកិច្ចជនបទតាមរយៈការផ្តល់ជូនឥណទានខ្នាតតូច៨ដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន និងការងារផ្គត់ផ្គង់ទឹកស្អាតជនបទ ការអប់រំអនាម័យលើកកម្ពស់សុខភាពដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ត្រឹមឆ្នាំ២០៥០ ដោយប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ១០០% និងរស់នៅក្នុងបរិស្ថានស្អាតស្អំប្រកបដោយនិរន្តភាព។
ជាមួយគ្នានេះ ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះក្រុមការងារបច្ចេកទេសវិស័យ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (PWG) ដែលមានគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាសេនាធិការផ្ទាល់ បានសម្រប សម្រួលលើការងារទឹកស្អាតនិងអនាម័យ ដែលជាគន្លឹះឈានទៅសម្រេចបាននូវការ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តកោះកុង។ ជាមួយគ្នានេះ ក៏មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ជនបង្គោលអនាម័យភូមិ សប្បុរសជន ប្រជាពលរដ្ឋ ជាពិសេសការចូលរួមពី អង្គការដៃគូ អង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ដែលបានគាំទ្រសម្ភារ ថវិកា បច្ចេកទេស និងការ សម្របសម្រួលនានាផងដែរ។
ថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥
























