លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំចាប់ឆ្នោតជ្រើសរើស ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)ខេត្តកោះកុង។
លោកអភិបាលរងខេត្ត បានលើកឡើងថា ខ្ញុំសូមសម្តែងនូវអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះ វត្តមានរបស់លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃ ក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រីក្រុមការងារអមដំណើរ ព្រមទាំងវត្តមាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានរៀបរាប់ពីស្ថានភាព អនាម័យក្នុងខេត្តកោះកុង ឃើញថា៖ ខ្នងផ្ទះមានបង្គន់អនាម័យផ្ទាល់ខ្លួនដែលមានការកែលម្អ៩៤,៨១% និងខ្នងផ្ទះគ្មានបង្គន់ប្រើបង្គន់រួមដែលមានការកែលម្អ៥,១៩% គ្រួសារអះអាងថា សមាជិកទាំងអស់បន្ទោបង់ក្នុងបង្គន់អនាម័យមានការកែលម្អ១០០% ខ្នងផ្ទះមានកន្លែងលាងដៃ (ទឹក និងសាប៊ូ)៩៧,៧០% ខ្នងផ្ទះទុកដាក់ទឹកសម្រាប់ពិសារមានសុវត្ថិភាព៩៦,៨៥% ខ្នងផ្ទះ ទុកដាក់កាកសំណល់ខោលាមកកូនក្មេង សំណល់សំឡីអនាម័យ លាមកសត្វ និងសំរាមមាន របៀបរៀបរយសមរម្យ៩៦,៩៤% ជាលទ្ធផលធៀបនឹងមាត្រដ្ឋានសូចនាករ ODF ខេត្តកោះកុង ជាប់ជាខេត្ត ODF។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងសកម្ម និងមានកិច្ចសហការយ៉ាងល្អជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត សំដៅអនុវត្តកម្មវិធីលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យក្នុងខេត្តកោះកុង និងប្រជាពលរដ្ឋ ទូទាំងខេត្តកោះកុង ដែលបានផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យបានត្រឹមត្រូវ ប្រើប្រាស់បង្គន់ អនាម័យ ទំលាប់លាងសម្អាតដៃនឹងសាប៊ូឱ្យបានត្រឹមត្រូវ ទទួលទានទឹកមានសុវត្ថិភាពក្នុងគ្រួសារ និងរស់នៅក្នុងបរិស្ថានស្អាត។
ជាការពិតណាស់ រដ្ឋបាលខេត្តកោះកុង បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការ បំពេញបេសកកម្មរបស់ខ្លួនស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ សំដៅសម្រេចបាននូវ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព ដែលផ្តោតលើ អាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងស្មារតីនេះ វិស័យអភិវឌ្ឍន៍ ជនបទ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ឱ្យទទួលបាននូវ សមិទ្ធផលសំខាន់ៗជាច្រើនគួរកត់សម្គាល់ ដូចជា៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នផ្លូវជនបទ ការលើកកម្រិតគុណភាពផ្លូវជនបទ ការអភិរក្ស និងអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៅស្រុកថ្មបាំង ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជាដើម ។ល។
ជាមួយនឹងសមិទ្ធផលទាំងអស់នេះ ក្នុងនាមរដ្ឋបាលខេត្ត នាងខ្ញុំសូមចូលរួមអបរសារទរ និងកោតសរសើរប្រកបដោយមោទកភាពបំផុត ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងខេត្តកោះកុង ជាពិសេស មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រោមកិច្ចសហការជាមួយនាយកដ្ឋាន ថែទាំសុខភាពជនបទ នៃក្រសួងអភិវអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបាន ខិតខំយកចិត្តទុកដាក់ចូលរួមដោះស្រាយរាល់បញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅតាមូលដ្ឋាន ដាច់ស្រយ៉ាលក្នុងខេត្តកោះកុង សំដៅកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ នាពេលកន្លងមក។
កិច្ចប្រជុំរៀបចំដំណើរការចាប់ឆ្នោតជ្រើសរើសក្រុង ស្រុក សង្កាត់ ឃុំ ភូមិ ដើម្បីផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខេត្តកោះកុង គឺមានអត្ថន័យយ៉ាង ជ្រាលជ្រៅបំផុតសម្រាប់លើកស្ទួយការងារទឹកស្អាត និងអនាម័យជនបទក្នុងខេត្តកោះកុងឱ្យកាន់ តែល្អប្រសើរ តាមរយៈការផ្តល់ឱកាសឱ្យរដ្ឋបាលថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព ពាក់ព័ន្ធ បានស្វែងយល់កាន់តែច្បាស់ និងស៊ីជម្រៅទៅលើស្ថានភាពទឹកស្អាត និងអនាម័យ ជនបទនៅទូទាំងខេត្តកោះកុង ព្រមទាំងការចាប់ឆ្នោតជ្រើសរើស ផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) ខេត្តកោះកុង។
ជាចុងក្រោយ ខ្ញុំសូមលើកទឹកចិត្ត និងសូមសំណូមពរដល់លោក លោកស្រីទាំងអស់ ចូលរួម បញ្ចេញមតិយោបល់ ផ្តល់នូវទិន្នន័យធាតុចូលសំខាន់ៗ ដើម្បីជំរុញឱ្យកិច្ចប្រជុំនេះ ទទួលបាន ជោគជ័យ និងផ្លែផ្កាតាមការគ្រោងទុក។ ជាពិសេស លទ្ធផលនៃកិច្ចប្រជុំនាថ្ងៃនេះ នឹងក្លាយជា សមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ខេត្តកោះកុង នាពេលអនាគត។
ថ្ងៃអង្គារ ១០រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥




















































