លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ភាគីពាក់ព័ន្ធស្តីពី “ការផ្តល់ធាតុចូល សម្រាប់ រៀបចំ គោល នយោបាយ ស្ថិតិផ្លូវការ ឆ្នាំ២០២៥-២០៣៤” ក្រោមអធិបតីភាព ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ នៅសណ្ឋាគារភ្នំពេញ។ក្នុងឱកាសនោះ ឯកឧត្តមបានជម្រាបជូនថា ការរៀបចំបង្កើតគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៥-២០៣៤ ត្រូវបានរៀបចំទ្បើងដោយផ្អែកលើច្បាប់ស្តីពីស្ថិតិឆ្នាំ២០១៥ បទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាល ទី១ របស់ រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះដែរ គោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៥-២០៣៤ ក៏ត្រូវបានរៀបចំឡើង ដើម្បីធ្វើជាឧបករណ៍ដ៏មានសារៈសំខាន់បំផុត ក្នុងការជំរុញកិច្ចដំណើរការអភិវឌ្ឍប្រព័ន្ធទិន្នន័យស្ថិតិជាតិ និងលើ កកម្ពស់គុណភាពនៃការធ្វើសមាហរណកម្មទិន្នន័យស្ថិតិតាមវិស័យនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និង ផ្នែក ឯកជន សម្រាប់ បំពេញ សេចក្តីត្រូវការរបស់អ្នកធ្វើសេចក្តីសម្រេចគោលនយោបាយ កម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច និង សុខុមាលភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទិន្នន័យស្ថិតិរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកវិស័យឯកជន សហគមន៍ជាតិ និងអន្តរជាតិយ៉ាងទំលំទូលាយ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។ ផ្អែកលើបរិការណ៍នេះ គោលនយោបាយស្ថិតិផ្លូវការ ត្រូវបានរៀបចំទ្បើងនិងដាក់ចេញនូវចក្ខុវិស័យ ក្នុងការកសាង និងលើកកម្ពស់ប្រតិបត្តិការ នៃប្រព័ន្ធទិន្នន័យស្ថិតិជាតិ ដើម្បីជំរុញការសម្របសម្រួល ប្រមូល ចងក្រង វិភាគ និងផ្សព្វផ្សាយទិន្នន័យស្ថិតិឱ្យកាន់តែមានគុណភាព ខ្ពស់ប្រកបដោយចីរភាព និងបរិយាបន្ន ដោយឈរលើមូលដ្ឋានសំខាន់ៗ រួមមាន៖ ១)-ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសទិន្នន័យស្ថិតិ ២)-ការអភិវឌ្ឍស្ថាប័ននិងជំរុញអភិបាលកិច្ចល្អវិស័យស្ថិតិ ៣)-កម្មវិធីបច្ចេកទេសទិន្នន័យស្ថិតិនិងនវានុវត្តន៍បច្ចេកវិទ្យា ៤)-ការប្រមូលផ្តុំនិងផ្សព្វផ្សាយទិន្នន័យស្ថិតិឌីជីថលសម្រាប់អ្នកប្រើប្រាស់ និង៥)-សហប្រតិបត្តិការ ភាពជាដៃគូ សម្រាប់ ការអភិវឌ្ឍស្ថិតិប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងមាន គោលការណ៍គ្រឹះ ក្នុងការជំរុញ អនុវត្តន៍ នូវ គោលដៅយុទ្ធសាស្រ្តមាន៤(បួន) សំខាន់ៗ គឺ ១)-កិច្ចសហប្រតិបត្តិការ គ្រប់តួអង្គស្ថិតិផ្លូវការ ២)-ការលើក កម្ពស់ និងអភិវឌ្ឍន៍ សមត្ថភាព ស្ថាប័ន ស្ថិតិផ្លូវការ ៣)-ការលើកកម្ពស់ និង បែងចែកដោយសមធម៌នៃ ផលប្រយោជន៍ ស្ថិតិផ្លូវការ និង ៤)-ការពង្រឹង អភិវឌ្ឍសមត្ថភាពនិងគុណភាព ការងារ សម្រាប់រយៈពេលវែង ព្រមទាំងមានការ ដាក់ ចេញ នូ វិធាន ការ គោលនយោបាយគន្លឹះសំខាន់ៗរួមមាន៖ ១)-ការកែលម្អការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកទេស ទិន្នន័យស្ថិតិ ២)-ការអភិវឌ្ឍ ស្ថាប័ន និងជំរុញ អភិបាលកិច្ចល្អ ៣)-ការជំរុញអភិវឌ្ឍកម្មវិធីបច្ចេកទេស និងនវានុវត្តន៍ ទិន្នន័យ ស្ថិតិ ៤)-ការ ប្រមូលផ្តុំនិង ផ្សព្វផ្សាយ ទិន្នន័យស្ថិតិឌីជីថល និង៥)-សហប្រតិបត្តិការភាព ជា ដៃគូ សម្រាប់ អភិវឌ្ឍន៍ ស្ថិតិ ប្រកប ដោយចីរភាព។ ដើម្បី អនុវត្តវិធានការគោលនយោបាយគន្លឹះខាងលើ ឱ្យទទួលបានជោគជ័យ ពិតប្រាកដណាស់ គឺ ត្រូវការ ចូលរួម អនុវត្តន៍ ពីគ្រប់តួអង្គក្រសួង ស្ថាប័ន អាជ្ញាធររាជធានី ខេត្ត មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ដែលត្រូវ ទទួល បន្ទុក លើការអនុវត្តការងារដូចមានចែងនៅក្នុងតារាងម៉ាទ្រីស និង សូចនាករគោលដៅអភិវឌ្ឍន៍ប្រកប ដោយ ចីរភាពកម្ពុជា ព្រមទាំង យន្តការ តាមដាន ត្រួតពិនិត្យ និង ការវាយតម្លៃនៅក្នុងផ្នែកឧបសម្ព័ន្ធនៃ គោលនយោបាយ ស្ថិតិផ្លូវការ ដែលនឹងត្រូវបានយកមកពិនិត្យ និងផ្តល់ធាតុចូលនៅក្នុងសិក្ខាសាលា ក្នុងថ្ងៃនេះ ដើម្បីឱ្យការអនុវត្ត គោលនយោបាយ ស្ថិតិផ្លូវការអាច សម្រេចបាន ជោគជ័យប្រកបដោយភាពធន់ ចីរភាព និង បរិយាបន្ន។ ជាចុងក្រោយ ឯកឧត្តមបម្ថែមទៀតថា ដើម្បីឱ្យគោលនយោបាយស្ថិតិផ្លូវការ មានខ្លឹមសារ និងអត្តន័យកាន់តែមុត ស្រួច ប្រកប ដោយគុណភាពប្រសិទ្ធភាពខ្ពស់ គឺពិតជាត្រូវការធាតុចូលដ៏សំខាន់ពីគ្រប់តួអង្គភាគី ពាក់ព័ន្ធពីក្រសួង ស្ថាប័នរាជ រដ្ឋាភិបាល ទាំង ថ្នាក់ជាតិ និងក្រោមជាតិ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សាស្រាវជ្រាវ អង្គការ សង្គមស៊ីវិល និង វិស័យ ឯកជន ពាក់ព័ន្ធ ផងដែរដើម្បីឱ្យ ក្របខ័ណ្ឌគោលនយោបាយស្ថិតិផ្លូវការ មាន លក្ខណៈ គ្រប់ជ្រុង ជ្រោយជួយ ពង្រឹង សមត្ថភាព ស្ថាប័ន អង្គភាពស្ថិតិផ្លូវការ ដែល បានចាត់តាំង ដូចជាការអភិវឌ្ឍ ធនធាន មនុស្ស ការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិ និងការ អភិវឌ្ឍ ហេដ្ឋា រចនាសម្ព័ន្ធស្ថិតិ ឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពកាន់តែប្រសើរឡើងថែមទៀត ។












ថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥
