លោក ទុយ ហុងណៃ អនុប្រធានការិយាល័យស្ថិតិ នៃមន្ទីរផែនការខេត្ត ដឹកនាំសហការី ១រូប ចូលរួមសិក្ខាសាលាចុងក្រោយ ស្តីពីការពិគ្រោះយោបល់លេីការផ្លាស់ប្តូរឆ្នាំគោលសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ជាតិពីឆ្នាំ២០០៦ ទៅឆ្នាំ២០១៩ និងបណ្តុះបណ្តាលបច្ចេកទេសក្នុងការប្រើប្រាស់ថេប្លេត (CAPI) ក្នុងការប្រមូលថ្លៃទំនិញទីផ្សារ ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ ដែលមានការចូលរួមពីមន្រ្តីបច្ចេកទេស នៃមន្ទីរផែនការទាំង២៥រាជធានីខេត្ត សរុបចំនួន ៧១ នាក់ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ LBN Asian ខេត្តកំពង់ចាម។ ឯកឧត្តម រិន វីរៈ បានលេីកឡើងពីសារៈសំខាន់នៃស្ថិតិថ្លៃ និងអតិផរណា ដែលទិន្នន័យសន្ទស្សន៍ថ្លៃនេះមានសារៈសំខាន់ណាស់ក្នុងការរៀបចំគោលនយោបាយ តាមដានស្ថេរភាពថ្លៃ ទាំងថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត។ ក្រៅពីនេះស្ថិតិសន្ទស្សន៍ថ្លៃត្រូវបានប្រើប្រាស់ក្នុងគោលបំណងរៀបចំកិច្ចសន្យាសាអាជីវកម្ម តម្លើងប្រាក់បៀវត្ស និងកិច្ចការផ្សេងៗក្នុងធុរកិច្ច ដែលចាំបាច់មន្រ្តីស្ថិតិត្រូវយកចិត្តទុកដាក់ការងារ និងពង្រឹងគុណភាពប្រមូលថ្លៃទីផ្សារ រាជធានីខេត្ត ដែលគ្រោងនឹងធ្វេីការផ្សព្វផ្សាយឆ្នាំគោលថ្មី ២០១៩ ជាផ្លូវការនាពេលដ៏ខ្លីខាងមុខ។
នាថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥






