លោក គង់ ចន្ទថុល្ល អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ និងសហការី បានទទួលស្វាគមន៍ប្រតិភូក្រសួងធម្មការនិងសាសនា ដឹកនាំដោយឯកឧត្តម ហ៊ឹម វិបុលឬទ្ធិ៍ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាចុះត្រួតពិនិត្យករណីស្នើសូមបង្កើតវត្ត ដែលមានឈ្មោះថា វត្តសិលាគិរីរស្មី ហៅវត្តវាលស្បូវ ស្ថិតនៅក្នុងភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងមានការនិមន្តអញ្ជើញចូលរួមពី ព្រះគ្រូសច្ចវីរោ មៀត វ៉ាន់ ព្រះធម្មធរគណខេត្ត លោកជំទប់ឃុំទី១ លោកមេភូមិ ព្រមទាំងពុទ្ធបរិស័ទមួយចំនួន ។
ជាលទ្ធផល នៃកិច្ចចុះពិនិត្យទីដីវត្តថ្មី ឯកឧត្តមបានយល់ស្របតាមការឆ្លើយបញ្ជាក់ពី ព្រះធម្មធរគណខេត្ត លោកអ៊ុំចាលួន លោកជំទប់ឃុំ លោកមេភូមិ និងពុទ្ធបរិស័ទ ថាកិច្ចការបង្កើតវត្តនេះពិតជាត្រឹមត្រូវទៅតាមគោលការណ៍ណែនាំរបស់ក្រសួងហើយ ប៉ន្តែ ឯកឧត្តមនឹងយកនូវអ្វីដែលជាគោលបំណងរបស់អាជ្ញាធរ ភូមិ ឃុំ ស្រុក និងប្រជាពុទ្ធរិស័ទនេះគោរពរាយការណ៍ជូន ឯកឧត្ដមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ពិនិត្យលទ្ធភាពចុះហត្ថលេខាចេញសេចក្ដីសម្រេចឱ្យបង្កើតវត្តសិលាគិរីរស្មីនេះឱ្យបានតាមតម្រូវការពុទ្ធបរិស័ទ ដើម្បីងាយស្រួលបានបំបុណ្យទៅតាមប្រពៃណីជាតិក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋរបស់យើង ។
ថ្ងៃពុធ៧កើតខែអាសាឍ ឆ្នាំម្សាញ់សប្ដស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥







