ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ ២០២៥ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានរៀបចំពិធីផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ ដែលកើតមានឡើងទាំងអន្តរជាតិ នៅក្នុងតំបន់ និងបញ្ហាដែលកើតមានឡើងថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ។ ពិធីស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រីជួន សុភ័ក្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង ដោយមានការចូលរួមពី នាយទាហាន នាយទាហានរង និង ពលទាហាន ជាច្រើនរូប ។
អញ្ជើញមានមតិសំណេះសំណាល ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ បានផ្សព្វផ្សាយអំពីសភាពការណ៍អន្តរជាតិដែលកំពុងកើតមានឡើង ដូចជាសង្គ្រាម អ៊ីស្រាអែល និង អ៉ីរ៉ង់ ដែលបានសម្លាប់ជីវិតមនុស្ស និង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេសទាំង២យ៉ាងធ្ងន់ធ្ងរ ។
លោក មេបញ្ជាការ បានបន្តផ្សព្វផ្សាយនូវសភាពការណ៏នៅតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសតំបន់៤រួមមាន៖ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី រួមទាំងការប្ដឹងរបស់រាជរដ្ឋាភិបាលកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ ( អាយស៊ីជេ ICJ ) នៅទីក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ។
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ បានសង្កត់ធ្ងន់ថាកងទ័ពត្រូវគោរពឲ្យបានដាច់ខាតនូវវិន័យ របស់កងយោធពលខេមរភូមិន្ទ បទបញ្ជា សារាចរ សេចក្តីណែនាំរបស់ថ្នាក់លើ ក្រឹត្យច្បាប់របស់រដ្ឋ ត្រូវមានសីលធម៌ល្អ អត្តចរិកស្លូតបូត សុភាពរាបសារ ម៉ឹងម៉ាត់សាកសមជាកងយោធពលខេមរភូមិន្ទ និងជាអ្នកបន្តវេនដ៏ល្អ។ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកស្មារតី និងឧត្តមគតិស្នេហាជាតិ ហើយគាំទ្រយ៉ាងពេញទំហឹង នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី មិនឲ្យបរទេសណាមើលងាយ ឬ ឈ្លានពានបានឡើយ ។
ឯកឧត្តម មេបញ្ជាការ បានណែនាំដល់ នាយទាហាន នាយទាហានរង និង ពលទាហាន ទាំងអស់ ត្រូវត្រៀមខ្លួនជាស្រេច រួមជាមួយគ្រឿងបំពាក់ មធ្យោបាយនានា នៅពេលមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី ។




















