លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួងផែនការ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ) ដោយមានវត្តមានអញ្ជើញចូលរួម ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ និងមន្ទីរផែនការទាំង២៥ រាជធានី-ខេត្ត នៅសាលប្រជុំធំ ជាន់ទី៨ ទីស្ដីការក្រសួងផែនការ។ សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចំនួនពីររូបរួមមាន÷ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ រួមទាំងមានការចោទសួរពីសិក្ខាកាមមកកាន់វាគ្មិនទាំង ២រូប ឱ្យកាន់តែមានភាពស៊ីជម្រៅ ព្រមទាំងទទួលបាននូវគោលការណ៍ណែនាំ និងតម្រង់ទិសដ៏ត្រឹមត្រូវពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីជំរុញ និងពង្រឹងប្រសិទ្ធភាព ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងអធិការកិច្ចឱ្យកាន់តែប្រសើរបន្ថែមទៀត។
ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥








