សាខា កក្រក ខេត្តកោះកុង ៖ដើម្បីចូលរួមអបអរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៥ ក្រោមប្រធានបទ «ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ» លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិប្រចាំសាខា បានចាត់ឱ្យលោក ឡុច ភិរ័ក្ស នាយករងសាខា ក្រុមប្រតិបត្តិសាខា សហការជាមួយលោក ជា ប៊ុនធឿន តំណាងអនុសាខាកាកបាទក្រហមស្រុកគីរីសាគរ ក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពភ្ញីមាស ក្រុមកាកបាទក្រហមឃុំភ្ញីមាស បានរៀបចំពិធីជួបសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះចំនួន ៥នាក់ និងឆ្មបចំនួន ២នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាឃុំភ្ញីមាស នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ជា ប៊ុនធឿន បាននាំនូវប្រសាសន៍ និងអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ និងជាពិសេសការគិតគូរពីសុខុមាលភាពរបស់ក្មួយៗស្ត្រីជាមាតា និងបុគ្គលិកឆ្មបទាំងអស់ផងដែរ។
ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យឆ្មបក៏បានឡើងធ្វើបទបង្ហាញស្តីពីតួនាទីឆ្មប សារៈសំខាន់នៃការមមកពិនិត្យផ្ទៃពោះ ការទទួលវ៉ាក់សាំងបង្ការជំងឺផ្សេងៗ និងវិធានការការពារខ្លួនពីជំងឺកូវីដ១៩ដែលកំពុងរីករាលដាលសារជាថ្មី ជូនបងប្អូនពុកម៉ែ និងអង្គកម្មវិធីផងដែរ។
ចុងបញ្ចប់នៃកម្មវិធីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានផ្តល់ជូននូវកាដូអនុស្សាវរីយ៍ដល់ស្ត្រីមានផ្ទៃពោះចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបាន ឈុតកូនង៉ែត ១ឈុត មីជាតិ១កេស ទឹកផ្លែឈើ១២កំប៉ុង សាប៊ូម្សៅ១កញ្ចប់ សាប៊ូកូនក្មេង១ដប ប្រេងកូឡា១ដប ព្រមទាំងថវិកា៥ម៉ឺនរៀលដូចៗគ្នាផងដែរ ។





























