លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ លោកស្រី Rebekah Bell តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងផែនការ ថ្នាក់ដឹកនិងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ និងតំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍ ដែលប្រារព្ធឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ក្នុងពិធីនេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទិន្នន័យជំរឿនកសិកម្ម ពិតជាមានសារៈសំខាន់ សម្រាប់អ្នករៀបចំគោលនយោបាយ និងផែនការ ព្រមទាំងភាគីពាក់ព័ន្ធ ឱ្យមើលឃើញស៊ីជម្រៅនៃរចនាសម្ព័ន្ធ, ជីវភាព, និងសមិទ្ធកម្ម នៃសកម្មភាពសេដ្ឋកិច្ចនីមួយៗ ជាពិសេសវិស័យកសិកម្ម តាមរយៈការវិភាគ ដែលប្រែក្លាយទិន្នន័យទៅជាព័ត៌មាន និងចំណេះដឹង។ ទិន្នន័យជំរឿនកសិកម្ម ក៏ជួយដល់ដំណើរការរៀបចំគោលនយោបាយ អភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ការបែងចែកធនធាន, ការធ្វើផែនការកម្មវិធីធុរកិច្ច និងការយល់ដឹងពីនិន្នាការទីផ្សារកសិកម្ម និងវិនិយោគ និងការជំរុញឱ្យមានការសម្រេចចិត្តដោយផ្អែកលើព័ត៌មានការគណនា កំណើនសេដ្ឋកិច្ច និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន និងសង្គម សន្តិសុខស្បៀងរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយផ្សេងៗទៀតរបស់ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ។ របាយការណ៍លទ្ធផលនៃជំរឿនកសិកម្ម ឆ្នាំ២០២៣ បានបង្ហាញអំពីស្ថានភាពកសិកម្មនៅកម្ពុជា ត្រូវបានផ្លាស់ប្ដូរដល់របត់មួយគួរឱ្យកត់សម្គាល់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងជីវភាពរស់នៅរបស់កសិករ ជាពិសេស គឺជាប្រភពទិន្នន័យមិនអាចខ្វះបាន សម្រាប់ការអនុវត្តយន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ។
ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥











