សាខា កក្រក ខេត្តកោះកុង ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ នេះលោកឧត្តមអគ្គានុរ័ក្សថ្នាក់លេខ២ ចាន់ ចំណាន ប្រធានពន្ធពន្ធនាគារខេត្តកោះកុង សហការជាមួយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ កាកបាទក្រហមកម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីរាជការ នៃពន្ធនាគារខេត្តកោះកុង ដែលមានចូលរួមសរុបចំនួន២១នាក់ ( ស្រី៣នាក់ ) នៅសាលប្រជុំពន្ធនាគារខេត្ត។
នាឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា មានមតិសំណេះសំណាល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះមន្ត្រីរាជការទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងវគ្គផ្សព្វផ្សាយនេះ និងយកចំណេះដឹងថ្មីទៅធ្វើការផ្សព្វផ្សាយបន្តដល់អង្គភាព មិត្តភក្តិ និងសហគមន៍រៀងៗខ្លួន ។ ជាមួយគ្នានោះផងដែរឧត្តមអគ្គានុរ័ក្សថ្នាក់លេខ២ ចាន់ ចំណាន ប្រធានពន្ធពន្ធនាគារខេត្តកោះកុង បានសំណូមពរឱ្យលោកគ្រូ អ្នកគ្រូសម្របសម្រួលវិជ្ជាសង្គ្រោះបឋម ខិតខំបង្ហាញជូនដល់សិក្ខាកាមដែលបានមកចូលរួមនាពេលនេះក្នុងន័យចូលរួមផ្តល់ចំណេះដឹងដល់លោកគ្រូ អ្នកគ្រូដែលមានតួនាទីទទួលបន្ទុកសុខភាពនៅតាមសាលាគោលដៅ បានយល់ដឹង និងជួយដល់ជនរងគ្រោះ ជាពិសេសក្មួយៗជាសិស្សនុសិស្ស នៅតាមសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមបែបវេជ្ជសាស្ត្រ ។
វគ្គផ្សព្វផ្សាយនេះដោយមានសម្របសម្រួលពីលោក ឡុច ភិរ័ក្ស នាយករងប្រតិបត្តិសាខា និងក្រុមការងារទទួលបន្ទុកវិជ្ជាសង្គ្រោះបឋម ក្រោមប្រធានបទសំខាន់ៗលើកយកមកបង្ហាញរួមមាន ៖
១- ប្រវត្តិចលនាអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។
២- សមាសភាគ របស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
៣- លក្ខណៈវិនិច្ឆ័យ១០យ៉ាងនៃការទទួលស្គាល់សមាគមជាតិ។
៤- គោលការណ៍គ្រឹះ ៧ប្រការ របស់អន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
៥- បដិរូបនៃភាពមនុស្សធម៌។
៦- ព្រះរាជក្រឹត្យស្តីពីការប្រើប្រាស់ និងការការពារ បដិរូបកាបាទក្រហម និងអឌ្ឍចន្ទក្រហម។
៧- ប្រវត្តិកំណើតកាកបាទក្រហមកម្ពុជា។
៨- មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ។
៩.វិជ្ជាសង្គ្រោះបឋម (តួនាទី និងគោលការណ័អ្នកសង្គ្រោះ ការដាក់ដំណេកសុវត្ថិភាព ការជួយជនរងគ្រោះដោយស្លាក់ និងឈាមច្រុះ)។

















