លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ទទួលបន្ទុកការងាររដ្ឋបាលក្រសួងកិច្ចការនារី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី “ការគ្រប់គ្រងរដ្ឋបាល”
លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមធ្វើរបាយការណ៍ដោយសង្ខេបជូន គណៈអធិបតី និងក្រុមការងារនាយកដ្ឋានរដ្ឋបាល បុគ្គលិក ក៏ដូចជាសិក្ខាកាម ដែលអញ្ជើញមកពីបណ្តាខេត្តជ្រាប អំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងសេដ្ឋកិច្ច ដូចតទៅ ខេត្តកោះកុង ជាខេត្តមួយស្ថិតនៅប៉ែកនិរតី នៃប្រទេសកម្ពុជាមានផ្ទៃដី ១០.០៤៥,៥៨ (ដប់ពាន់ សូន្យសែសិបប្រាំពាន់ ក្បៀសហាសិបប្រាំបី គីឡូម៉ែត្រការ៉េ) ចំងាយផ្លូវ ប្រវែង ២៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨ ដោយកាត់តាមស្ពានធំៗចំនួន ០៤ រួមមាន(ស្ពានស្រែអំបិល ស្ពានអណ្តូងទឹក ស្ពានត្រពាំងរូង និងស្ពានតាតៃ) មានប្រជាពលរដ្ឋសរុប ចំនួន ១៥១,៣៤៨នាក់(ស្រី ៧៥,៣០៤នាក់) មាន ២៩ឃុំ/សង្កាត់ និងភូមិចំនួន ១១៩ភូមិ។
ខេត្តកោះកុង មានតំបន់សេដ្ឋកិច្ចពិសេសកោះកុង បានបង្កើតរោងចក្រចំនួន០៥គឺ ក្រុមហ៊ុនខេខេអិន (កាត់ដេរសម្លៀកបំពាក់) ក្រុមហ៊ុនយ៉ាហ្សាគិ(បង្គុំខ្សែភ្លើង) ក្រុមហ៊ុនហាណា(បរិក្ខាអេឡិចត្រូនិច) ក្រុមហ៊ុន៩៩អ៊ីមប្រយឌើរីកោះកុង(ដេរប៉ាក់) ក្រុមហ៊ុនខេមកូម៉ូទ័រខេមភេនី(ដំឡើងរថយន្តនិងបង្គុំខ្សែភ្លើង) និងក្រុមហ៊ុនមីកាសា ស្ព័ត ខេមបូឌា(ដេរបាល់ បានបិទដំណើការ) ដែលមានកម្មករ កម្មការិនីសរុបចំនួន ១០,៤៧០នាក់ (ស្រី ៦,៦០៥នាក់) សបញ្ជាក់ឱ្យឃើញថាប្រជាពលរដ្ឋ មានការងារធ្វើច្រើន អាចបង្កើន ប្រាក់ចំណូល ក្នុងគ្រួសារកាត់បន្ថយភាពក្រីក្រ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។
ខ្ញុំជឿជាក់ថា មន្ទីរកិច្ចការនារីរាជធានី ខេត្ត បានដំណើរការលើប្រព័ន្ធត្រួតពិនិត្យជំនាញផ្ទៃក្នុងនៃការគ្រប់គ្រងរដ្ឋបាល ការអនុវត្តផែនការ របាយការណ៍ នៃកិច្ចប្រតិបត្តិការ ដំណើរការ និងការប្រព្រឹត្តទៅរបស់អង្គភាពស្របតាមគោលការណ៍កំណែទម្រង់រដ្ឋបាលសាធារណៈបានកំណត់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការអនុវត្តការងារក៏នៅមានចំណុចខ្វះចន្លោះ ដែលតម្រូវឱ្យមានការកែលម្អស្របតាម យុទ្ធសាស្ដ្រកំណែទម្រង់រដ្ឋបាលសាធារណៈនាពេលបច្ចុប្បន្ននេះ ហេតុដូច្នេះហើយបានជាត្រូវមាន វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ។ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល មានសារៈសំខាន់ណាស់សម្រាប់អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលត្រូវអនុវត្តដោយអនុលោមតាមច្បាប់កំណែទម្រង់រដ្ឋបាលសាធារណៈ តាមផែនការឬគោលការណ៍របស់អង្គភាពក៏ដូចជារបស់រាជរដ្ឋាភិបាល។ កន្លងមកលោក លោកស្រីបានបំពេញការងារ រដ្ឋបាល ទទួលលទ្ធផលគួរជាទីកត់សំគាល់ ប៉ុន្តែអ្វីដែលសិក្សាថ្ងៃនេះ ដើម្បីស្វែងយល់បន្ថែមអំពីចំណេះដឹងថ្មី ដែលមានការរីកចំរើនឥតឈប់ឈរ ដើម្បីជាផលប្រយោជន៍ដ៏ធំធេងដល់អង្គភាពរបស់លោក លោកស្រី ក្នុងការគ្រប់គ្រងអង្គភាព របស់ខ្លួនប្រកបដោយតម្លាភាព ប្រសិទ្ធផល ប្រសិទ្ធភាព ភាពស័ក្ដិសិទ្ធ និងកាត់បន្ថយហានិភ័យក្នុងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា លោក លោកស្រី និងខិតខំប្រឹងប្រែងតាមដាន បញ្ចេញមតិផ្លាស់ប្ដូរបទពិសោធន៍ និងចូលរួមបង្កើតគំនិតថ្មីៗបន្ថែមទៀត ដើម្បីយកចំណេះដឹងនេះ ទៅអនុវត្តជាក់ស្ដែងនៅតាមអង្គភាព និងកាត់បន្ថយហានិភ័យឱ្យបានជាអតិបរមា។
មុននឹងបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារនាយកដ្ឋានរដ្ឋបាល បុគ្គលិក នៃក្រសួងកិច្ចការនារី ដែលបានរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះឡើង ដើម្បីផ្ដល់នូវចំណេះដឹងថ្មីៗ ស្ដីពីការគ្រប់គ្រងរដ្ឋបាលប្រកបដោយប្រសិទ្ធភាព៕
ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ September 10, 2024