សាខា កក្រក ខេត្តកោះកុង៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមដំណើរជាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អញ្ជើញចូលរួមគោរពដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា
ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន លើត ប្រធានកិត្តិយសសាខាលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រី និងអ្នកស្ម័គ្រចិត្ត យុវជននៃសាខាកាកបាទក្រហមកម្ពុជាទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយ លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៤៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងសហការីទាំងអស់ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ពិតជាសោកស្តាយ និងស្រណោះអាឡោះអាល័យពន់ពេក់ណាស់ ព្រោះថាការទទួលមរណភាពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់ដ៏ធំធេងនូវឧត្តមស្វាមី ឪពុក ជីតា ជីតាទួត និងឥស្សរជននយោបាយដ៏ឆ្នើមនៃកម្ពុជាមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ប្រកាន់ខ្ជាប់ តាមគន្លងព្រះពុទ្ធសាសនា ដែលក្នុងមួយជីវិតរបស់សម្តេចបានធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងកម្លាំងកាយ-ចិត្ត ធនធាន ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមានឆន្ទៈមោះមុតក្នុងបេសកកម្មមនុស្សធម៌កាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ ជាពិសេស បានចូលរួមស្តារឡើងវិញនូវមុខមាត់ កិត្តិយស កិត្តិនាម និងកិត្តិស័ព្ទរបស់កាកបាទក្រហមកម្ពុជា ពីបាតដៃទទេរហូតទទួលបានភាពម្ចាស់ការស្ទើរទាំងស្រុងដូចសព្វថ្ងៃនេះ។