គណៈកម្មាធិការប្រឆាំងទារុណកម្មខេត្តកោះកុង ចុះពិនិត្យ និងបើកប្រអប់សំបុត្រនៅក្នុងពន្ធនាគារខេត្ត
លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត ប្រធានគណៈកម្មាធិការប្រឆាំងទារុណកម្មខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យ និងបើកប្រអប់បណ្តឹងនៅក្នុងពន្ធនាគារខេត្ត។
យោងតាមការរាយការណ៍របស់លោកឧត្តមអគ្គានុរក្សថ្នាក់ទី២ ប្រធានពន្ធនាគារ បានឲ្យដឹងថា ការគ្រប់គ្រងទណ្ឌិត និងជនជាប់ឃុំ ចំនួន ៦៧០នាក់ ស្រី ៤៦នាក់ ត្រូវបានប្រព្រឹត្តទៅល្អប្រសើរដូចប្រក្រតី ទាំងការគ្រប់គ្រង និងសន្តិសុខសណ្តាប់ធ្នាប់។ ដោយឡែកចំពោះសុខភាព និងអនាម័យ ដោយរដូវវស្សានេះ អាកាសធាតុមានការប្រែប្រួល បានធ្វើឲ្យរបស់ទណ្ឌិត និងជនជាប់ឃុំ មានជំងឺផ្តាសាយធំ ចំនួន ៤០៨/៦៧០នាក់ ស្រី៤៥/៤៦នាក់ ដែលជាចំនួនគួរកត់សម្គាល់ ហើយទន្ទឹមនឹងនោះ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ណែនាំឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងផ្នែកសុខាភិបាលពន្ធនាគារ ធ្វើការព្រឹក្សាយោបល់ និងពិនិត្យព្យាបាល បានទាន់ពេលវេលា និងពុំមានករណីឆ្លងបន្ត។ បន្ថែមពីលើនេះ សំណើ/សំណូមពរផ្សេងៗរបស់ពន្ធនាគារ ដូចជា៖ វគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពមន្រ្តីពន្ធនាគារដើម្បីបង្ការទប់ស្កាត់គ្រោះអាសន្នក្នុងពន្ធនាគារ ក៏ត្រូវបានសម្របសម្រួលដោយចូលរួមវគ្គនៅស្នងការដ្ឋាននគរបាលខេត្ត និងការស្នើសុំការ៉ូឡា សម្រាប់រៀបចំទីលានហាត់ប្រាណក៏ត្រូវបានដោះស្រាយ ជាបន្តបន្ទាប់។
ជាលទ្ធផល ចំពោះការបើកប្រអប់បានឃើញថា មានលិខិតអនាមិក ចំនួន ០១លិខិត នៅក្នុងប្រអប់ ហើយក្រុមការងារបានរៀបចំតាមនីតិវិធី ដើម្បីបញ្ជូនគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដើម្បីបន្ត ពិនិត្យជាសមត្ថកិច្ច តាមបញ្ញត្តិជាធរមាន។
ឆ្លៀងក្នុងឱកាសនេះផងដែរ លោកអភិបាលរងខេត្ត តំណាងលោកជំទាវអភិបាលខេត្ត ក៏បានជួបសំណេះសំណាលជាមួយទណ្ឌិត និងជនជាប់ឃុំ មានគោលបំណងផ្តល់ការណែនាំ លើការប្រព្រឹត្ត អប់រំ កែប្រែ សំដៅនាពេលខាងមុខ អាចសមាហរណកម្មចូលក្នុងសង្គមវិញ ក្លាយខ្លួនជាពលរដ្ឋល្អ និងផ្សព្វផ្សាយបន្ថែម អំពីអត្ថប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាល ក្នុងនោះ សាវតានៃបទពិសោធន៍កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ក្នុងតំបន់ និងពិភពលោក, ការផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នៅកម្ពុជា និងអត្ថប្រយោជន៍ជាសារៈវ័ន្ត នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ត្រូវបានលើកយកមកធ្វើការផ្សព្វផ្សាយ យ៉ាងទូលំទូលាយ និងស៊ីជម្រៅ។ ទន្ទឹមនឹងនោះ ក្នុងនាមលោកផ្ទាល់ និងក្នុងនាមតំណាងលោកជំទាវអភិបាលខេត្ត បានផ្តល់អនុសាសន៍ណែនាំឲ្យថ្នាក់ដឹកនាំពន្ធនាគាររៀបចំដាក់ប្រអប់សំបុត្រសារជាថ្មីនៅទីតាំងដែលងាយស្រួលសម្រាប់ទណ្ឌិត និងជនជាប់ឃុំ ក្នុងចូលរួមលើកជាសំណើ/សំណូមពរ ហើយបន្ថែមពីលើនេះ ស្នើថ្នាក់ដឹកនាំពន្ធនាគារ អគ្គានុរក្ស និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ បន្តអនុវត្តតួនាទី និងភារកិច្ច ឲ្យបានល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវ បន្ថែមទៀត៕